
សិង្ហបុរី៖ ពលរដ្ឋសិង្ហបុរី ដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភជាង២,៤លាននាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភសុទ្ធបន្ថែមចន្លោះពី៤០០ទៅ៦០០ដុល្លារសិង្ហបុរី បើធៀបទៅនឹងប្រាក់រៀលកម្ពុជា គឺប្រមាណ១លាន ២សែន៦ម៉ឺនរៀល ដល់១លាន៨សែន៩ម៉ឺនរៀល ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះតទៅ ក្រោមកម្មវិធីឧបត្ថម្ភប្រាក់ថ្លៃជីវភាពនៃថវិកាជាតិ ឆ្នាំ២០២៦ (COL Special Payment 2026)។ យ៉ាងណា អាជ្ញាធរសិង្ហបុរី ក៏បានអំពាវនាវផងដែរ អំពីផលវិបាកនៃសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ស្កេម) ដែលពលរដ្ឋសិង្ហបុរីគួរប្រុងប្រយ័ត្ន...។

ពាក់ព័ន្ធនឹងការផ្ដល់ជំនួយនេះ រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា កញ្ចប់ថវិកាដែលត្រូវបានកែសម្រួលដំឡើងបន្ថែមនេះ នឹងត្រូវផ្ទេរជូនពលរដ្ឋចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ សម្រាប់ពលរដ្ឋដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ដោយផ្តោតជាពិសេសលើគ្រួសារដែលមានប្រាក់ចំណូលទាប ម្ចាស់អចលនទ្រព្យមិនលើសពីមួយ និងមានប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ២០២៥ ត្រឹម១០០ ០០០ដុល្លារសិង្ហបុរី ឬទាបជាងនេះ។

យ៉ាងណា ដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុពលរដ្ឋពីក្រុមជនឆបោក អាជ្ញាធរគូសបញ្ជាក់យ៉ាងច្បាស់អំពីវិធានការជូនដំណឹងផ្លូវការ ដោយ (សារSMS)ទាំងអស់ដែលផ្ញើចេញពីប្រព័ន្ធផ្លូវការរបស់រដ្ឋ "gov.sg" នឹងមានតែព័ត៌មានប្រាប់អំពីអត្ថប្រយោជន៍តែប៉ុណ្ណោះ។ អាជ្ញាធរបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋមិនចាំបាច់ឆ្លើយតបសារ SMS ទាំងនោះឡើយ។ សារផ្លូវការនឹង គ្មាន ការតភ្ជាប់តំណ(Link)ផ្សេងៗណាមួយឡើយ ហើយពលរដ្ឋមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដសម្ងាត់ធនាគារទៅកាន់អ្នកផ្ញើសារជាដាច់ខាត។ មន្ត្រីរដ្ឋាភិបាល នឹងមិនទាមទារឱ្យមានការផ្ទេរប្រាក់ ឬសួរយកលេខកូដសម្ងាត់គណនីធនាគារណាមួយ តាមទូរសព្ទឡើយ។

ជាមួយគ្នានេះ រដ្ឋាភិបាលសិង្ហបុរី ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋភ្ជាប់លេខអត្តសញ្ញាណបណ្ណ (NRIC) ទៅកាន់ប្រព័ន្ធ PayNow ឱ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបានលឿន និងប្រកបដោយសុវត្ថិភាព។ ប្រសិនបើមានការសង្ស័យ ឬជួបករណីឆបោក ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់ខ្សែទូរសព្ទជំនួយ Scam Shield Helpline ដែលបម្រើការងារ២៤ម៉ោងលើ២៤ម៉ោង តាមរយៈលេខ១៧៩៩តែមួយគត់៕




