ជួយតាមដានទាំងអស់គ្នា! ក្រុមហ៊ុនប្រេង PTT ថៃ កំពុងរៀបផែនការនាំប្រេងឥន្ធនៈចូលទីផ្សារកម្ពុជាឡើងវិញ ក្រោយខាតបង់ធ្ងន់ធ្ងរ
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ ការលក់ប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT Oil and Retail Business Plc (ហៅកាត់ថា៖ OR) នៅប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុករហូតដល់៧២,៨ភាគរយក្នុងត្រីមាសទី១ នៃឆ្នាំ២០២៦ ដែលជាការធ្លាក់ចុះមិនធ្លាប់មាន បន្ទាប់ពីមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា និងការទាញទ្វាររបងព្រំដែនបិទជាឯកតោភី ដោយបានរំខានដល់ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូន និងចលនារបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ តាមបណ្តោយព្រំដែន...។

រូបភាព៖ The Nation
រូបភាព៖ The Nation

ទិន្នន័យរបស់ OR បង្ហាញថា ក្រុមហ៊ុនលក់ប្រេងបានត្រឹម៤៦លានលីត្រប៉ុណ្ណោះ បើធៀបនឹង១៦៩លានលីត្រ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មុនពេលមានភាពតានតឹងតាមបណ្តោយព្រំដែនផ្ទុះឡើង។ ការធ្លាក់ចុះនេះ បានរុញច្រានឱ្យក្រុមហ៊ុន OR ចាប់ផ្តើមស្រវេស្រវ៉ាត្រួតពិនិត្យឡើងវិញ លើយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងលទ្ធភាពបន្តប្រតិបត្តិការលក់ប្រេងនាពេលអនាគត។ យ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា បានរួមគ្នាជាធ្លុងមួយពហិការជាដាច់ខាតលើទំនិញថៃគ្រប់មុខរួចទៅហើយ​ រួមទាំងប្រេងប្រេងឥន្ទនៈនេះផងដែរ។ លោក អឹម អិល ពេជ្រថង ថងយ៉ៃ (ม.ล. พีกทอง ทองใหญ่បានទទួលស្គាល់ថា ប្រតិបត្តិការនៅកម្ពុជា កំពុងប្រឈមមុខនឹងផលលំបាកយ៉ាងធ្ងន់ធ្ងរ ដូច្នេះ​ ក្រុមហ៊ុនមិនអាចគ្រប់គ្រងតាមវិធីសាស្ដ្រចាស់បានទៀតទេ ដោយត្រូវដាក់ចេញនូវដំណោះស្រាយ៣ដំណាក់កាល ក្នុងចេតនាបើកទីផ្សារប្រេងនៅកម្ពុជាឡើងវិញ។

លោក អឹម អិល ពេជ្រថង ថងយ៉ៃ (M.L. Peekthong Thongyai)
លោក អឹម អិល ពេជ្រថង ថងយ៉ៃ (M.L. Peekthong Thongyai)

ដំណាក់កាលទី១៖ ការវាយតម្លៃការវិនិយោគឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន ស្ថានភាពហិរញ្ញវត្ថុ ហានិភ័យ និងឱកាសនៃការស្តារឡើងវិញ។ ដំណាក់កាលទី២៖ ផ្តោតលើការកាត់បន្ថយចំណាយ និងរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ ដើម្បីរក្សាអាជីវកម្មឱ្យនៅតែបន្តបាន។ ដំណាក់កាលទី៣៖ សិក្សាលើការដកថយជាប្រព័ន្ធ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ រហូតដល់អាជីវកម្មមិនអាចបន្តបានទៀត។ ចំណាត់ការនេះ ដើម្បីកាត់បន្ថយហានិភ័យរយៈពេលវែង និងកាត់បន្ថយការខាតបង់បន្ថែម។ សូមជម្រាបថា មូលហេតុពិតប្រាកដនៃការធ្លាក់ចុះអាជីវកម្មថៃនៅកម្ពុជា រួមទាំងប្រេងឥន្ទនៈនេះ គឺដោយសារតែយោធាថៃ បានបើកការឈ្លានពានកម្ពុជាយ៉ាងកំរោល និងព្រៃផ្សៃបំផុត ជាពិសេសភាគីថៃ បានសម្រេចទាញទ្វារព្រំដែនបិទជាឯកតោភាគី និងតាមទំនើងចិត្ត ក្នុងបំណងបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចខ្មែរឱ្យស្លាប់ ប៉ុន្តែមិនស្លាប់ខ្មែរ បែរជាដង្ហក់ដង្ហើមសេដ្ឋកិច្ចខ្លួនឯងទៅវិញ ជាពិសេស អ្នករកស៊ី អាជីវករ និងវិនិយោគិនថៃនៅកម្ពុជា៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត