
រាជធានីបាងកក៖ ក្រសួងឧស្សាហកម្មថៃ ប្រកាសនៅថ្ងៃអង្គារទី៣០ ខែមិថុនានេះថា សន្ទស្សន៍ផលិតកម្មកែច្នៃក្នុងប្រទេស បានធ្លាក់ចុះ០,៨ភាគរយ កាលពីខែឧសភា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះ ខ្សោយ ឬធ្លាក់ចុះខ្លាំងជាងការទស្សទាយរបស់អ្នកវិភាគទៅទៀត (មានន័យថា អ្នកវិភាគ សន្និដ្ឋានកន្លងមកថា តួលេខមិនធ្លាក់ចុះដល់កម្រិតនេះទេ)។

ការធ្លាក់ចុះនេះ មានកម្រិតធ្ងន់ធ្ងរជាងការវាយតម្លៃនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងាររ៉យទ័រ ដែលធ្លាប់រំពឹងថា ធ្លាក់ចុះត្រឹម០,៣៤ភាគរយតែប៉ុណ្ណោះ។ ក្រសួងឧស្សាហកម្ម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ទិន្នផលរោងចក្រត្រូវបានទាញទម្លាក់ដោយសារតែការធ្លាក់ចុះនៃផលិតកម្មយានយន្ត និងសម្ពាធអតិផរណាខ្ពស់។ យោងតាមសហព័ន្ធឧស្សាហកម្មថៃ ការផលិតរថយន្តបានធ្លាក់ចុះយ៉ាងគំហុករហូតដល់១៧,៩៤ភាគរយក្នុងខែឧសភា ឆ្នាំ២០២៦ បើធៀបនឹងខែឧសភាដូចគ្នា កាលពីឆ្នាំ២០២៥។ ក្រសួងបានបន្ថែមថា ជម្លោះភូមិសាស្ត្រនយោបាយដែលកំពុងបន្តអូសបន្លាយ បានជះឥទ្ធិពលដល់តម្លៃថាមពល ការដឹកជញ្ជូន និងការបញ្ជាទិញវត្ថុធាតុដើមនាំចូលមួយចំនួន ដែលធ្វើឱ្យថ្លៃដើមផលិតកម្ម និងភស្តុភារកម្មកើនឡើងខ្ពស់។

សូមជម្រាបថា សេដ្ឋកិច្ចថៃតែងតែងដាំក្បាលចុះជាលំដាប់ ក្រោយក្រុមយោធាបើកការឈ្លានពាន និងបញ្ជាឱ្យទាញទ្វារព្រំដែនជាមួយកម្ពុជា បិតឯកតោភាគី និងតាមទំនើងចិត្ត។ ទង្វើដ៏គឃ្លើនរបស់ភាគីយោធាថៃនេះ មិនត្រឹមតែបំផ្លាញទំនាក់ទំនងការទូតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មតាមព្រំដែនផងដែរ ខណៈកម្ពុជាធ្លាប់តែជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់ភាគីថៃ៕




