
រាជធានីតូក្យូ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ឱ្យបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន ព្រមានអំពីឥទ្ធិពលព្យុះទីហ្វុងដូលហ្វីន (Dolphin) ដែលបាននិងកំពុងបោកបក់លើតំបន់ភាគខាងត្បូងប្រទេសនេះ...។

តាមសេចក្តីជូនដំណឹង ព្យុះនេះកំពុងមានឥទ្ធិពលលើកោះ Okinoerabu (អូគិណូរ៉ាប៊ូ) តំបន់ Amami (អាម៉ាមី) នៃខេត្ត Kagoshima (កាហ្កូហ្ស៊ីម៉ា) ព្រមទាំងតំបន់កោះនៃខេត្ត Okinawa (អូគិណាវ៉ា) និង Daitojima (ដាយតូជីម៉ា)។ អាជ្ញាធរជប៉ុន បានព្រមានថា ព្យុះអាចបង្កឱ្យមានខ្យល់បោកបក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ រលកសមុទ្ទខ្ពស់ ការរអិលបាក់ដី និងជំនន់ទឹកភ្លៀង។ ជាមួយគ្នាជប៉ុន ក៏បានជម្លៀសប្រជាជននៅតំបន់ដែលប្រឈមហានិភ័យមួយចំនួន ទៅកាន់ទីកន្លែងមានសុវត្ថិភាព ខណៈជើងហោះហើរមួយចំនួនក៏ត្រូវបានពន្យារពេលផងដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ដែលអាចរងផលប៉ះពាល់ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ ក្នុងករណីមានការជម្លៀស ឬទទួលបានព័ត៌មានថា មានពលរដ្ឋខ្មែររងផលប៉ះពាល់ ស្ថានទូតស្នើឱ្យទាក់ទងជាបន្ទាន់តាមទំព័រហ្វេសប៊ុកស្ថានទូត ឬទូរសព្ទលេខ 080 4689 9374 ដើម្បីទទួលបានការសម្របសម្រួល និងជំនួយចាំបាច់៕





