
រាជធានីតូក្យូ៖ ប្រជាជនរាប់សែននាក់នៅភាគនិរតីនៃប្រទេសជប៉ុន ត្រូវបានបង្គាប់ឱ្យជម្លៀសចេញភ្លាមៗ ហើយជើងហោះហើរជាង៥០០ជើង ត្រូវបានលុបចោលនៅថ្ងៃសុក្រទី៧ ខែសីហានេះ ខណៈ«ព្យុះសង្ឃរាដូលហ្វីន (Dolphin)» ដែលកំពុងតែផ្លាស់ទីយឺតៗ បាននិងកំពុងបក់បោកជិតទៅដល់ប្រទេសកោះមួយនេះហើយ ដោយនាំមកនូវខ្យល់បក់បោកខ្លាំង ភ្លៀងធ្លាក់ធ្ងន់ធ្ងរ និងរលកសមុទ្ទកម្ពស់ខ្ពស់ៗ...។

ភ្នាក់ងារឧតុនិយមជប៉ុន(JMA) បានបញ្ជាក់ថា ព្យុះទីហ្វុងកម្រិត១ «ដូលហ្វីន» បានវិវត្តទៅជាព្យុះសង្ឃរាមួយនេះ មានល្បឿនខ្យល់អតិបរមាចន្លោះពី ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង ទៅដល់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងខិតជិតប្រជុំកោះ ដែលស្ថិតនៅចន្លោះតំបន់ឃ្យូស៊ូ (Kyushu) និងខេត្តអូគីណាវ៉ា (Okinawa)។ អាជ្ញាធរបានចេញបញ្ជាឱ្យជម្លៀសប្រជាជនជិត២៦០ ០០០នាក់នៅក្នុងខេត្តកាហ្កោហ្ស៊ីម៉ា (Kagoshima) និងអូគីណាវ៉ា (Okinawa) ខណៈក្រុមហ៊ុនតូយ៉ូតា (Toyota) បានផ្អាកដំណើរការនៅរោងចក្រចំនួន៩ របស់ខ្លួននៅថ្ងៃសុក្រនេះ។ អាជ្ញាធរបានព្រមានថា «ព្យុះដូលហ្វីន» ត្រូវបានរំពឹងថា នឹងខិតជិតទៅដល់ខេត្តអូគីណាវ៉ា ដែលបង្កឱ្យមានហានិភ័យនៃខ្យល់បក់បោកខ្លាំង អាចបំផ្លាញ ឬរំលំសំណង់អគារមួយចំនួន។

ភ្នាក់ងារឧតុនិយមក៏បានបន្ថែមទៀតថា បាតុភូតភ្លៀងធ្លាក់ជាប់ៗគ្នាយ៉ាងកំហុក និងផ្គររន្ទះ អាចនឹងកើតមានឡើង បណ្ដាលឱ្យមានគ្រោះទឹកជំនន់ផងដែរ។ ព្យុះដ៏ធំមួយនេះ ក៏កំពុងគ្របដណ្ដប់ភាគច្រើននៃកោះឃ្យូស៊ូ (Kyushu) នាំឱ្យមានខ្យល់បក់បោកខ្លាំង រួមទាំងខេត្តគូម៉ាម៉ូតូ (Kumamoto) ដែលកំពុងរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីកម្លាំង៧,១រ៉ិចទ័រ កាលពីសប្តាហ៍មុន។ ប្រជាពលរដ្ឋខេត្តគូម៉ាម៉ូតូ ប្រមាណ៦៧០០នាក់ នៅតែបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសខ្លួននៅឡើយ បន្ទាប់ពីផ្ទះសម្បែងជាច្រើនបានបាក់រលំ។ ជាចុងក្រោយ ភ្នាក់ងារឧតុនិយមក៏បានព្រមានអំពីហានិភ័យខ្យល់គរផងដែរ ដោយសារសីតុណ្ហភាពមានការកើនឡើងកម្តៅដល់៣៦អង្សាសេ នៅតំបន់មួយចំនួន៕





