
រាជធានីភ្នំពេញ៖ កាលពីខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៣ ដែលមានទុនវិនិយោគសរុបប្រមាណ៥២៥លានដុល្លារអាម៉េរិក…។

ក្នុងចំណោមគម្រោងវិនិយោគខាងលើ មាន២៣គម្រោង ក្រោមទុនវិនិយោគ៤៩៤លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយឡែក ១០គម្រោងទៀត មានទុនវិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក អនុម័តដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ គម្រោងវិនិយោគទាំងអស់នេះ អាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ១៧ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

របាយការណ៍ដដែលបានឱ្យដឹងថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ទទួលបានការវិនិយោគទុនច្រើនជាងគេ រហូតដល់៣០៦លានដុល្លារ ហើយតាមពីក្រោយដោយវិស័យឧស្សាហកម្ម ទទួលបានការវិនិយោគទុន១៧៨លានដុល្លារ ខណៈវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៤១លានដុល្លារ។ ធុរជនកម្ពុជាបន្តឈរនៅលេខរៀងទី១ ដែលបានបណ្ដាក់ទុនវិនិយោគច្រើនជាងគេ ខណៈធុរជនចិនឈរនៅលេខរៀងទី២។ ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេស ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង វិស័យឧស្សាហកម្ម៕



