ប្រជាជនថៃ រាប់ម៉ឺននាក់រស់នៅជាមួយមេរោគ HIV ទាំងមិនដឹងខ្លួន
S
Sinuon Nop
11 ម៉ោងមុន

រាជធានីបាងកក៖ ប្រទេសថៃ កំពុងកត់ត្រាអំពីចំនួននៃការឆ្លងវីរុស HIV ថ្មីក្នុងមួយឆ្នាំៗ ចន្លោះពី៨០០០ទៅ៩០០០នាក់ ដែលចំនួននេះ កើនលើសពី៨ដងនៃគោលដៅកំណត់នាំឱ្យមានករណីឆ្លងថ្មីតិចជាង១០០០ករណីក្នុងមួយឆ្នាំ ដើម្បីអាចឈានទៅរកការបញ្ចប់បញ្ហាជំងឺអេដស៍ នៅកនុងវិបត្តិសុខភាពសាធារណៈត្រឹមឆ្នាំ២០៣០។ នេះបើតាម​មជ្ឈមណ្ឌលស្រាវជ្រាវជំងឺអេដស៍ នៃកាកបាទក្រហមថៃ...។

សារព័ត៌មាន Thaiger News បានចេញផ្សាយប័ត៌មាននេះកាលពីថ្ងៃទី១២សីហា ដោយបានកត់សម្គាល់ថា ​អត្រា​​​ឆ្លងមេរោគ HIV ​​នៅតែមានកម្រិតថេរ នៅ​ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ប៉ុន្តែចំនួនអ្នកឆ្លងថ្មីកំពុង​កើនឡើងគួរឱ្យព្រួយបារម្ភ នៅក្នុងចំណោមយុវវ័យ មានអាយុចន្លោះពី១៥ទៅ២៤ឆ្នាំ។ លោកវេជ្ជបណ្ឌិតសាស្រ្ដាចារ្យរង អូផាស ភុតចំរើន​ (โอภาส พุทธเจริญ) នាយករង​មជ្ឈមណ្ឌលស្រាវជ្រាវជំងឺអេដស៍ នៃកាកបាទក្រហមថៃ បញ្ជាក់ថា និន្នាការបែបនេះ ស្ថិតក្នុងស្ថានភាពជិតដល់កម្រិតធ្ងន់ធ្ងរ ប្រសិនបើការឆ្លងបែបនេះនៅតែបន្ត។​ ការឆ្លងជំងឺកាមរោគផ្សេងទៀត រួមទាំង ជំងឺស្វាយ ជំងឺប្រមេះ និងជំងឺក្លាមីឌៀ (chlamydia) ក៏កំពុងកើនឡើង​ ដោយភាគច្រើន កើតមានក្នុងចំណោមយុវវ័យផងដែរ។ ការរួមភេទដោយមិនបានការពារ នៅតែជាមធ្យោបាយចម្បង នៃការឆ្លងមេរោគអេដស៍។​

​នាយកដ្ឋានពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានឱ្យដឹងថា ​យុវវ័យមានអាយុចន្លោះពី១៥ទៅ២៤ឆ្នាំ មានចំនួនប្រហែល៤៧ភាគរយ នៅក្នុងចំណោមអ្នកឆ្លងវីរុស HIV ថ្មី ចំនួនជិត៩០០០នាក់ ត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំ។ ក្រៅពីនេះ ប្រជាពលរដ្ឋប្រមាណ៥០០០០នាក់នៅក្នុងប្រទេសថៃ កំពុងរស់នៅជាមួយនឹងវីរុស HIV ទាំងមិនដឹងខ្លួន។ បើមិនមានការព្យាបាលទេ នោះមេរោគ HIV ជាធម្មតា នឹងវិវឌ្ឍខ្លួនទៅជាជំងឺអេដស៍ នៅក្នុងរយៈពេលចន្លោះពី៥ទៅ១០ឆ្នាំ។​

ស្របពេលមាន​ការប្រកាសអាសន្ននៅប្រទេសថៃ អំពីការឆ្លងវីរុស HIV រហូតដល់៥០ ០០០នាក់ ដែលបាននិងកំពុងរស់នៅជាមួយវីរុសនេះទាំងមិនដឹងខ្លួន ដែលនាំឱ្យពួកគេឈានទៅរកការកើតជំងឺអេដស៍ ក្រសួងសុខាភិបាលកម្ពុជា ក៏តែងក្រើនរម្លឹកជារឿយៗ ដល់ប្រជាពលរដ្ឋ អំពីជំងឺនេះផងដែរ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត