
World Cup៖ បេក្ខភាពដណ្តើមពានរង្វាន់ស្បែកជើងមាស (ឬ Golden Boot) សម្រាប់ព្រឹត្តិការណ៍ World Cup 2026 កំពុងចាប់ផ្តើមលេចរូបរាងយ៉ាងសន្សឹមៗហើយ ខណៈការប្រណាំងប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានពិន្ទុ និងគ្រាប់បាល់យ៉ាងប្រកៀកប្រកិតគ្នា រវាងកំពូលខ្សែប្រយុទ្ធឆ្នើមចំនួន៥រូប រួមមាន៖ កីឡាករ គីលៀន អឹមបាប៉េ (Kylian Mbappe), លីអូណែល មេសស៊ី (Lionel Messi), អ៊ែរលីង ហាឡែន (Erling Haaland), ហារី ខេន (Harry Kane) និងកីឡាករ ជូដ ប៊ែលលីងហាំ ដោយម្នាក់ៗសុទ្ធតែរកបានចំនួនគ្រាប់បាល់ច្រើន ដែលចំនួននេះអាចជួយឱ្យពួកគេមានឱកាសខ្ពស់ឈ្នះពានរង្វាន់ស្បែកជើងមាស។

គិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2026 កីឡាករ ដែលមានភាគរយច្រើនជាងគេនោះ គឺ អណ្តើកនិនចា គីលៀន អឹមបាប៉េ។ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិមាន់គកបារាំងរូបនេះ បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅលើសមរភូមិវាលស្មៅបៃតងខ្ចីនៃព្រឹត្តិការណ៍ World Cup 2026 នេះ ដោយស៊ុតទម្លុះសំណាញ់ទីគូបក្ខដិបក្ខ បានចំនួន៨គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣លើក។ ជាមួយនឹងស្ថិតិដ៏ល្អបែបនេះ កំពុងជួយឱ្យអណ្តើកនិនចា អឹមបាប៉េ មានភាគរយខ្ពស់ដើម្បីឆ្ពោះទៅរកពានរង្វាន់ស្បែកជើងមាស។ ជាបន្តគឺ កីឡាករ លីអូណែល មេសស៊ី ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមជម្រើសជាតិពពក-សអាហ្សង់ទីន ក៏មានភាគរយច្រើនដែរ ក្នុងការប្រជែងយកពានរង្វាន់ស្បែកជើងមាស ដ្បិតថា កីឡាករវ័យជ្រេរូបនេះរកបាន៨គ្រាប់ និងបញ្ចូនឱ្យមិត្តរួមក្រុមស៊ុត បានចំនួន២លើក។

ចំណែកឯ កីឡាករ អ៊ែរលីង ហាឡែន ដែលជាខ្សែប្រយុទ្ធក្នុងប្រអប់ទីដ៏គ្រោះថ្នាក់នៃអ្នកចម្បាំងសំពៅដៃន័រវែស នៅតែមានភាគរយក្នុងការក្លាយជាម្ចាស់ស្បែកជើងមាស ដ្បិតថា ម៉ាស៊ីនរកគ្រាប់បាល់រូបនេះ ស៊ុតទម្លុះសំណាញ់ទីបាន៧គ្រាប់។ ថ្វីបើមានភាគរយជាម្ចាស់ស្បែកជើងមាសក៏ដោយ ប៉ុន្តែមានភាគរយតិចណាស់! ភាគរយតិចក៏ដោយសារតែក្រុមអ្នកចម្បាំងសំពៅដៃន័រវែស ត្រូវធ្លាក់ចេញពីការប្រកួតបាត់ទៅហើយ ក្រោយរងបរាជ័យ ក្រោមផ្លែចង្កូមដ៏មុតស្រួចរបស់តោកំណាចអង់គ្លេស។ ដោយឡែក អ្នកជំនាញឈរស៊ុតក្នុងប្រអប់ទី ហារី ខេន នៅតែជាបេក្ខភាពដណ្តើមស្បែកជើងមាស ដែលមិនអាចមើលស្រាលបាន។ ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះ រកបាន ៦គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបានចំនួន១លើក។ រីឯខ្សែប្រយុទ្ធស្លាបរបស់តោកំណាចអង់គ្លេសម្នាក់ទៀត គឺកីឡាករ ជូដ ប៊ែលលីងហាំ ក៏បានឈានជើងចូលក្នុងសង្វៀនប្រជែងពានរង្វាន់ស្បែកជើងមាសដែរ បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងទល់នឹងក្រុមជម្រើសជាតិន័រវែស ជួយឱ្យក្រុមតោកំណាចអង់គ្លេសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បច្ចុប្បន្នរូបគេមាន៦គ្រាប់ក្នុងដៃ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១លើក ពោលគឺស្មើទៅហ្នឹងមិត្តរួមជាតិ ហារី ខេន ដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ស្បែកជើងមាសនេះ នឹងត្រូវប្រគល់ជូនកីឡាករណាដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026។ ប្រសិនបើចំនួនគ្រាប់បាល់ស្មើគ្នា គេនឹងកាត់សេចក្តីទៅលើចំនួននៃការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ឬ Assists។ ប៉ុន្តែ ក្នុងករណីនៅតែស្មើគ្នាទៀត គេនឹងគិតទៅលើកីឡាករណាដែលចំណាយពេលលេងនៅលើទីលានតិចនាទីជាងគេ។ រង់ចាំអ៊ុតមើលលទ្ធផលទាំងអស់គ្នាថា តើកីឡាកររូបណានឹងក្លាយម្ចាស់ពានរង្វាន់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup 2026...? តស់! ចូលរួមទស្សទាយទាំងអស់គ្នា...៕



