ប្រេស៊ីល និងម៉ារ៉ុក ដឹកដៃគ្នាឡើងទៅវគ្គ៣២ក្រុមចុងក្រោយ ខណៈស្កុតឡែន និងហៃទី ហាលអាវ
ហៀប ស៊ីថេត
2 ម៉ោងមុន

World Cup៖ ការប្រកួតចុងក្រោយក្នុងពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ បានបញ្ចប់ទៅយ៉ាងជក់ចិត្ត ដោយក្រុមខ្លាំងសាំបាប្រេស៊ីល និងតោកំណាចម៉ារ៉ុក បានកក់កៅអីឡើងទៅលេងវគ្គ៣២ក្រុមចុងក្រោយជាផ្លូវការ...។

នៅក្នុងពូល C ក្រុមជម្រើសជាតិសំាបាប្រេស៊ីលបានយកឈ្នះស្កុតឡែន ៣ទល់នឹងសូន្យ(០)។ ខ្សែប្រយុទ្ធឆ្នើម វីនីសៀស ជូនៀរ (Vinicius Junior) របស់ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បានស៊ុតបញ្ចូលទី២គ្រាប់តែម្នាក់ឯង បន្ទាប់មកកីឡាករ ម៉ាធេអូស គូញ៉ា (Matheus Cunha) បានស៊ុតទម្លុះសំណាញ់ទីបន្ថែមគ្រាប់ទី៣ នៅនាទីទី៦០ ជួយឱ្យប្រេស៊ីលយកឈ្នះស្កុតឡែនយ៉ាងចាស់ដៃ ៣-០។ សូមជម្រាបថា ការប្រកួតនេះក៏មានការវិលត្រឡប់មកវិញរបស់កំពូលតារាបាល់ទាត់ ណេម៉ា ជូនៀរ (Neymar Junior) ផងដែរ បន្ទាប់ពីខកខានអស់រយៈពេលយ៉ាងយូរ។ ប្រេស៊ីលបានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ១ ក្នុងពូល C ហើយត្រូវធ្វើដំណើរទៅទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស់ ដើម្បីជួបជាមួយ ហូឡង់ ជប៉ុន ឬស៊ុយអែត។ ចំណែកឯក្រុមស្កុតឡែនវិញ ត្រូវរង់ចាំអ៊ុតលទ្ធផលពីពូលផ្សេងទៀត ថាតើអាចឡើងទៅលេងវគ្គបន្ត ក្នុងនាមជាក្រុមលេខ៣ល្អបំផុតឬយ៉ាងណា...?

នៅក្នុងពូល C ដដែល ក្រុមតោកំណាចម៉ារ៉ុក បានលត់ហៃទី ៤ទល់នឹង២។ ដ្បិតត្រូវក្រុមហៃទីនាំមុខមុនរហូតដល់ទៅ២ដងក៏ដោយ ក៏តោកំណាចឆ្លងដែនមកពីតំបន់អាហ្វ្រិកនេះ បានវាយបកយកឈ្នះហៃទីវិញក្នុងលទ្ធផល ៤-២។ ហៃទីបាននាំមុខមុនដោយសារការធ្វើឱ្យចូលទីខ្លួនឯង (ឬ Own goal) របស់អ្នកចាំទីម៉ារ៉ុក ប៉ុន្តែខ្សែការពារឆ្នើម អាច្រាហ្វ ហាគីមី (Achraf Hakimi) បានតាមស្មើនៅនាទី៣៩។ យ៉ាងណា ហៃទីបាននាំមុខម្ដងទៀតតាមរយៈការស៊ុតស្រួចពីចម្ងាយរបស់កីឡាករ វីលសុន អាយស៊ីឌ័រ (Wilson Isidor) នៅនាទី៤៣ តែភ្លាមៗនោះ កីឡាករ អ៊ីស្មែល សៃបារី (Ismael Saibari) របស់ម៉ារ៉ុកបានតាមស្មើ ២-២ វិញ មុនពេលអាជ្ញាកណ្ដាលដាក់កញ្ចែរចូលមាត់ ផ្លុំបន្លឺសំឡេងបញ្ចប់វគ្គទី១។ ឈានចូលដល់វគ្គទី២ ម៉ារ៉ុកបានបន្ថែម ២គ្រាប់ទៀត ដោយជាលទ្ធផលយកឈ្នះហៃទីវិញក្នុងលទ្ធផល ៤-២។ គួរបញ្ជាក់ថា ប្រេស៊ីលមាន៧ពិន្ទុក្នុងដៃ ឈរលេខ១ ក្នុងពូល C។ ម៉ារ៉ុកមាន៧ពិន្ទុ ឈរលេខ២ ត្រូវទៅជួបក្រុមលេខ១ មកពីពូល F ដែលអាចជា ជប៉ុន ហូឡង់ ឬស៊ុយអែត។ គិតត្រឹមម៉ោងចេញផ្សាយនេះ រកឃើញ​៨ក្រុមហើយ ដែលបានកក់កៅអីឡើងទៅវគ្គ៣២ក្រុមជាផ្លូវការ ក្នុងនោះ រួមមាន៖ កាណាដា ម៉ារ៉ុក អាល្លឺម៉ង់ អាម៉េរិក ប្រេស៊ីល ម៉ិកស៊ិក ស្វីស និងអាហ្សង់ទីន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត