
រដ្ឋធានីប៉េកាំង៖ ប្រទេសចិន បានប្រកាសដាក់កំហិតលើការនាំចេញដ្រូន និងគ្រឿងបន្លាស់បច្ចេកវិទ្យាសំខាន់ៗទៅកាន់សហរដ្ឋអាម៉េរិក ព្រមទាំងបានដាក់ក្រុមហ៊ុនអាម៉េរិកចំនួន៦ ចូលក្នុងបញ្ជីខ្មៅ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មពាណិជ្ជកម្ម និងការដំឡើងពន្ធថ្មីៗ ពីសំណាក់រដ្ឋធានីវ៉ាស៊ីនតោន...។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា សកម្មភាពរបស់សហរដ្ឋអាម៉េរិក បាន «រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន» ដូច្នេះ ចិនគ្មានជម្រើសអ្វីក្រៅពីការដាក់ចេញនូវវិធានការឆ្លើយតបចាំបាច់នោះឡើយ។ បន្ថែមពីលើការរឹតបន្តឹងការនាំចេញដ្រូន ចិនក៏បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាតិលើការនាំចូលម៉ាស៊ីនព្រីន និងម៉ាស៊ីនថតចម្លងពីអាម៉េរិក ព្រមទាំងហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាម៉េរិកចំនួន៦ ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះបានជួយជ្រោមជ្រែងទណ្ឌកម្មខុសច្បាប់របស់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង។

ការវាយបកជាបន្តបន្ទាប់នេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានដំឡើងពន្ធលើទំនិញនាំចូលពីចិន និងប្រទេសចំនួន៥៩ផ្សេងទៀត ព្រមទាំងបានហាមឃាត់ការនាំចូលរ៉ូបូតពីបរទេស។ ទង្វើទាំងនេះ បានកំពុងគំរាមកំហែងដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម ដែលប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជិនពីង បានព្រមព្រៀងគ្នាកាលពីចុងឆ្នាំ២០២៥ កន្លងទៅ ឱ្យឈានទៅរកភាពរកាំរកូស និងតានតឹងឡើងវិញសាជាថ្មី៕




