
វ៉ាស៊ីនតោន៖ AH-64 Apache ជាប្រភេទឧទ្ធម្ភាគចក្រប្រយុទ្ធ មានម៉ាស៊ីន២ និងស្លាបចាក់៤ មានសមត្ថភាពខ្ពស់ក្នុងការបំពេញបេសកកម្មចម្រុះ រួមមាន៖ ការស៊ើបការណ៍គោលដៅសត្រូវ ការប្រយុទ្ធចម្ងាយជិត ការវាយប្រហារចល័ត និងប្រតិបត្តិការសមរភូមិលើអាកាសជាដើម។ ពេលនេះ ឧទ្ធម្ភាគចក្រប្រភេទនេះ បានធ្លាក់ផ្ទុះឆេះនៅលើដី ក្នុងរដ្ឋតិចសាស...។

អាជ្ញាធរសហរដ្ឋអាម៉េរិក បញ្ជាក់ថា មនុស្សចំនួន២នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាប្រយុទ្ធ ស្ថិតនៅភាគកណ្តាលនៃរដ្ឋតិចសាស (Texas)។ យោងតាមការចុះផ្សយរបស់ BBC News បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នៃការប្រកាសអាសន្ន កាលពីវេលាម៉ោងប្រមាណ១:៣៣នាទីរសៀល (ម៉ោងក្នុងស្រុក) ត្រូវនឹងម៉ោងនៅកម្ពុជាប្រហែល២:៣៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អំពីការប្រទះឃើញសព និងបំណែកឧទ្ធម្ភាគចក្រធ្លាក់នៅក្នុងវាលស្រែភាគខាងត្បូងភូមិ Salado។

បញ្ជាការដ្ឋានយោធាសហរដ្ឋអាម៉េរិក គូសបញ្ជាក់ថា យន្តហោះដែលបានធ្លាក់ គឺជាប្រភេទ AH-64 Apache ដែលជាឧទ្ធម្ភាគចក្រប្រយុទ្ធ មកពីមូលដ្ឋានទ័ពជើងគោកដ៏ធំរបស់សហរដ្ឋអាម៉េរិក Fort Hood ស្ថិតនៅក្បែរនោះ។ លោក ក្លីហ្វ ខូលមែន (Cliff Coleman) អ្នកនាំពាក្យការិយាល័យតម្រួតនៅជនបទប៊ែល (Bell County Sheriff's Office) ថ្លែងថា នៅពេលមន្ត្រីនគរបាលទៅដល់ទីតាំងកើតហេតុ ពួកគេបានប្រទះឃើញបំណែកយន្តហោះ និងមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលកំពុងរាលដាលយ៉ាងឆាប់រហ័ស។ កងទ័ពជើងគោកសហរដ្ឋអាម៉េរិក បានកត់សម្គាល់លើការស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ ហើយបាននិងកំពុងបន្តសិក្សាលម្អិតយ៉ាងយកចិត្តទុកដាក់ ខណៈប្រតិបត្តិការឆ្លើយតបបន្ទាន់ កំពុងដំណើរការ៕




