
រដ្ឋធានីអូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាថ្មី លោក ម៉ាក ខានី កាលពីថ្ងៃអាទិត្យទី២៣ ខែមីនា បានអំពាវនាវឱ្យមានការបោះឆ្នោតយ៉ាងឆាប់រហ័សមួយនៅថ្ងៃទី២៨ ខែមេសា ដោយលោកអះអាងថា លោកត្រូវការអាណត្តិដ៏រឹងមាំមួយ ទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលតែងតែចង់ត្រួតត្រា និងលេបយកកាណាដាជារដ្ឋទី៥១របស់ខ្លួន។

វិសាលភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងកាណាដា ដែលជាសម្ព័ន្ធមិត្តចាស់វស្សា និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នោះបានដាំក្បាលចុះចាប់តាំងពីលោក ត្រាំ ដាក់ពន្ធលើប្រទេសកាណាដា និងគំរាមដាក់បញ្ចូលកាណាដាជារដ្ឋទី៥១របស់អាម៉េរិក។ ជាការពិតណាស់ លោក ខានី បានជំរុញឱ្យមានការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ ដើម្បីធានាឱ្យបាននូវអធិបតេយ្យភាពរបស់ប្រទេសនេះ ខណៈការបោះឆ្នោតដែលបានគ្រោងទុកគឺថ្ងៃទី២០ ខែតុលា។ នៅពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមីនា លោក ខានី បានអះអាងថា លោកអាចធ្វើការជាមួយលោក ត្រាំ និងគោរព លោក ត្រាំ ប៉ុន្តែលោកប្រកាន់យកវិធីសាស្ដ្រមិនចុះញ៉មឡើយ។

លោក ខានី បានប្រាប់អ្នកសារព័ត៌មានថា ៖«យើងកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតនៃជីវិតរបស់យើង ដោយសារតែសកម្មភាពពាណិជ្ជកម្មមិនសមហេតុផលរបស់ប្រធានាធិបតី ត្រាំ និងការគំរាមកំហែងរបស់លោកចំពោះអធិបតេយ្យភាពរបស់យើង។ ការឆ្លើយតបរបស់យើងត្រូវតែកសាងសេដ្ឋកិច្ចដ៏រឹងមាំ និងធ្វើឱ្យកាណាដាមានសុវត្ថិភាពជាងមុន។ លោក[ត្រាំ]ចង់បំបែកពួកយើង ដើម្បីឱ្យអាម៉េរិកជាម្ចាស់ពួកយើង។ យើងនឹងមិនអនុញ្ញាតឱ្យមានរឿងនោះកើតឡើងនោះទេ»។

លោក ត្រាំ កាលពីថ្ងៃទី៦ ខែមីនាបានពន្យារពេលយកពន្ធ ២៥ភាគរយលើទំនិញកាណាដាមួយចំនួនសម្រាប់រយៈពេល ៣០ថ្ងៃ។ យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក លោក ត្រាំ បានដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ហើយបានគំរាមយកពន្ធទៅវិញទៅមកលើទំនិញបន្ថែម រួមទាំងទឹកដោះគោ និងឈើរបស់កាណាដាបន្ថែមទៀតនៅថ្ងៃទី២ ខែមេសាខាងមុខនេះ៕




