
រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីសហរដ្ឋអាម៉េរិក បានប្រាប់ដល់សមភាគីអឺរ៉ុបថា ការដឹកជញ្ជូនអាវុធដែលបានចុះកិច្ចសន្យារួចរាល់មួយចំនួន ទំនងជានឹងត្រូវពន្យារពេល ខណៈសង្គ្រាមជាមួយអ៊ីរ៉ង់ កំពុងបន្តស៊ីដាច់ស្តុកអាវុធ និងគ្រាប់កាំភ្លើង។ នេះបើយោងតាមប្រភពជិតស្និទ្ធដែលដឹងអំពីរឿងនេះ។

ការយឺតយ៉ាវនេះ ធ្វើឱ្យគេចោទសួរថា តើកម្រិតនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើមប៉ះពាល់ការផ្គត់ផ្គង់អាវុធសំខាន់ៗ និងគ្រាប់កាំភ្លើងរបស់អាម៉េរិក ឬយ៉ាងណា...? ប្រភពបានបង្ហាញថា ប្រទេសអឺរ៉ុបមួយចំនួន នឹងរងផលប៉ះពាល់ ខណៈអាវុធអាម៉េរិក ដែលស្ថិតក្នុងកម្មវិធីលក់ទៅបរទេស (FMS) មិនទាន់បានដឹកជញ្ជូននៅឡើយ។ មន្ត្រីអាម៉េរិកបានផ្ញើសារទៅកាន់មន្ត្រីអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ការដឹកជញ្ជូនទាំងនោះ ទំនងជានឹងត្រូវយឺតយ៉ាវ។ កាលពីថ្ងៃទី១៧ ខែមេសា ក្រសួងការពារជាតិនៃប្រទេសអេស្តូនី និងលីទុយអានី បានប្រាប់រ៉យទ័រថា សហរដ្ឋអាម៉េរិក ពិតជាបានជូនដំណឹងដល់ប្រទេសពួកគេអំពីភាពយឺតយ៉ាវក្នុងការចែកចាយបរិក្ខារយោធា ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណបានលើកឡើងថា៖«កងទ័ពអាម៉េរិកខ្លាំងបំផុតក្នុងលោក ហើយយើងនឹងធានាថា កងកម្លាំងអាម៉េរិក រួមទាំងសម្ព័ន្ធមិត្ត និងដៃគូរបស់យើង មានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីប្រយុទ្ធ និងឈ្នះ»។ មន្ត្រីអឺរ៉ុបបានត្អូញត្អែរថា ការពន្យារពេលនេះ កំពុងធ្វើឱ្យស្ថិតក្នុងស្ថានភាពលំបាក ស្របពេលសន្តិសុខសកលកាន់តែផុយស្រួយ។ ដោយសារការដឹកជញ្ជូនអាវុធបែបនេះ តែងមានភាពយឺតយ៉ាវជារឿយៗ ដែលធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបមិនសប្បាយចិត្ត រហូតដល់មន្ត្រីមួយចំនួនចាប់ផ្តើមសម្លឹងមើលប្រព័ន្ធអាវុធ ដែលផលិតក្នុងស្រុកវិញ៕



