អ៊ីរ៉ង់បែរកាណុងមីស៊ីលទៅរកទីតាំងនុយក្លេអ៊ែរអ៊ីស្រាអែល ខណៈអ៊ុយក្រែនភ្នែកនៅកញ្ចឹង-ក ព្រោះអាម៉េរិកជាប់ដៃប្រយុទ្ធនៅមជ្ឈិមបូព៌ា
ហៀប ស៊ីថេត
20 ម៉ោងមុន

ពិភពលោក៖ វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់ថ្មីសម្រាប់ពិភពលោកទាំងមូល ខណៈអ៊ីរ៉ង់ប្រកាសគំរាមវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីស្រាអែល ដើម្បីជាការសងសឹក ស្របពេលមេដឹកនាំអ៊ុយក្រែន បាយមិននឹក ទឹកមិនស្រេក ដេកមិនលក់ ព្រោះខ្វះខាតគ្រាប់មីស៊ីលការពារដែនអាកាស ដោយសារតែបងធំអាម៉េរិក ជាប់ដៃច្បាំងក្នុងពិភពអារ៉ាប់...។

ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានស្រង់សម្តីមន្ត្រីយោធាម្នាក់កាលពីថ្ងៃពុធទី៤មីនាថា អ៊ីរ៉ង់នឹងកំណត់គោលដៅវាយប្រហារលើទីក្រុងឌីម៉ូណា(Dimona) ដែលជាទីតាំងនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ីស្រាអែល ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោន និងហ្ស៊េរុយហ្សាឡិម នៅតែព្យាយាមជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំតេហេរ៉ង់។ ការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារយោធាទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ខណៈរដ្ឋធានីតេហេរ៉ង់ក៏បានសងសឹកវិញដោយការបាញ់មីស៊ីល និងដ្រូនរាប់រយគ្រឿង សំដៅទៅរកបណ្តាប្រទេសឈូងសមុទ្ទ ដែលមានមូលដ្ឋានយោធាអាម៉េរិក។

គ្រប់គ្នាហាក់មិនជាចាប់អារម្មណ៍លើបញ្ហាអ៊ុយក្រែនប៉ុន្មានទេ ព្រោះម្នាក់ៗកំពុងផ្តោតលើសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនកំពុងប្រឈមមុខនឹងសមីកាដ៏លំបាកនេះ។ ជាក់ស្តែង បច្ចុប្បន្នសហរដ្ឋអាម៉េរិកកំពុងលូកដៃកាន់តែជ្រៅទៅក្នុងសង្គ្រាម ដែលទើបតែប្រសូត្រឡើងថ្មី ដោយការរួមដៃចងសម្ព័ន្ធរវាងរដ្ឋធានីវ៉ាស៊ីនតោន និងហ្ស៊េរុយហ្សាឡិម ដោយប្រើប្រាស់យុទ្ធោបករណ៍ និងសម្ភារសឹកទំនើបៗយ៉ាងច្រើនសម្បើម ក្នុងនោះ ក៏មានប្រព័ន្ធការពារដែនអាកាស PAC-3 Patriot ស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់វិញ នៅតំបន់ឈូងសមុទ្ទផងដែរ។ ការណ៍នេះ ធ្វើឱ្យប្រព័ន្ធការពារសន្តិសុខដែនអាកាសរបស់អ៊ុយក្រែនជួបនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីបើកការវាយប្រហារបន្ថែម។

សូមជម្រាបថា ក្រុមហ៊ុន Lockheed Martin ផលិតគ្រាប់មីស៊ីលការពារដែនអាកាស PAC-3 បានត្រឹមតែ៦០០គ្រាប់ប៉ុណ្ណោះក្នុងមួយឆ្នាំ ចំនួននេះមិនគ្រប់គ្រាន់សូម្បីតែផ្គត់ផ្គង់ឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្ទ ដើម្បីស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ ចុះបើកូរ៉េខាងជើង និងចិនលួចផ្តល់សព្វាវុធឱ្យរុស្ស៊ី តើអ៊ុយក្រែនបានអ្វីទប់ទល់ បើសហរដ្ឋអាម៉េរិកកំពុងជាប់ដៃវ៉ៃអ៊ីរ៉ង់យ៉ាងសន្ធាប់បែបនេះ?..។ ជាមួយគ្នានេះ មន្ត្រីនៃមន្ទីរបញ្ចកោណ ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់អូសបន្លាយពេលយូរ ការដឹកជញ្ជូនអាវុធឱ្យអ៊ុយក្រែន នឹងត្រូវពន្យារពេលកាន់តែខ្លាំង ព្រោះអាម៉េរិកខ្លួនឯងក៏ត្រូវរក្សាទុកសព្វាវុធការពារខ្លួន និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតដូចជា អ៊ីស្រាអែល ដើម្បីបន្តដង្ហើមសង្គ្រាមនៅមជ្ឈិមបូព៌ា។

ចំពោះដំណើរស្វែងរកពន្លឺសន្តិភាព និងការទូតរបស់អ៊ុយក្រែន បាននិងកំពុងជាប់គាំង ដោយសារវិបត្តិនៅមជ្ឈិមបូព៌ាបាំងផ្លូវរាំងដំណើរអ្នកផ្សះផ្សារ ដែលកំពុងក្លាយខ្លួនជាអ្នកឈ្លានពានគេវិញម្ដង។ ជំនួបចរចាសន្តិភាពអ៊ុយក្រែន ដែលគ្រោងធ្វើឡើងនៅរដ្ឋធានីអាប៊ុយដាប៊ី លើទឹកដីប្រទេសអារ៉ាប់រួម ត្រូវបានលុបចោលទាំងស្រុង។ មានសំណួរជាច្រើនដាក់ជាមន្ទិលថា ស្របពេលអាម៉េរិកកំពុងជាប់ដៃជាមួយអ៊ីរ៉ង់ តើរុស្ស៊ីអាចឆ្លៀតឱកាសខាំសង្គ្រុបអ៊ុយក្រែនដណ្តើមយកទឹកដីបន្ថែមដែរឬទេ..? តើរុស្ស៊ីអាចនឹងញុះឱ្យអ៊ីរ៉ង់បន្តប្រយុទ្ធជាមួយអាម៉េរិក និងអ៊ីស្រាអែល ដើម្បីអូសបន្លាយភ្លើងសង្គ្រាម និងជាការកាត់បន្ថយឥទ្ធិពលអាម៉េរិកនៅអឺរ៉ុបខាងកើតដែរឬទេ?..

លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត