រុស្ស៊ីកាន់តែឯកោផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ក្រោយធនាគារចិនកាត់បន្ថយការទូទាត់ជាមួយ
ហៀប ស៊ីថេត
04 មិថុនា 2024 02:47 AM

រដ្ឋធានីប៉េកាំង៖ ពាណិជ្ជកម្ម​រុស្ស៊ី​កំពុង​រង​នូវការរាំងស្ទះ​ដ៏​ធំ​មួយ​ ខណៈ​បងធំ​សហរដ្ឋ​អាម៉េរិក​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ក្នុង​ប្រទេស​ទី​បី ដែល​រួម​ទាំង​ប្រទេស​ចិន​ផងដែរ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋធានីប៉េកាំង​កំពុង​ដុតដៃដុតជើងជួយ​សម្រួល​ដល់​កិច្ច​ប្រឹងប្រែងធ្វើ​សង្គ្រាម​របស់​រដ្ឋធានីម៉ូស្គូ​នៅ​អ៊ុយក្រែន។ 

យោងតាមធនាគារកណ្តាលរុស្ស៊ី ការនាំចូលសរុបរបស់រុស្ស៊ីបានធ្លាក់ចុះ១០ភាគរយក្នុងឆ្នាំនេះ អំឡុងខែមករាដល់ខែមេសា ខណៈការ​នាំ​ចូល​ពី​ប្រទេស​ចិនដែល​រុស្ស៊ី​ពឹងផ្អែក​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ក្នុង​សម័យ​សង្គ្រាមបច្ចុប្បន្ន ​បាន​ធ្លាក់​ចុះ​តាំង​ពី​ខែ​មីនាមក។ ដោយឡែក យោងតាមទីភ្នាក់ងារគយ ការនាំចេញរបស់ចិនទៅកាន់រុស្ស៊ីបានធ្លាក់ចុះ១៤ភាគរយ។ ការណ៍នេះ​ កើតឡើងបន្ទាប់​ពី​ការ​ធ្លាក់​ចុះ១៦ភាគរយក្នុង​ខែ​មីនា ជា​ការ​ធ្លាក់​ចុះ​ដំបូង​ក្នុងរយៈពេលដូចគ្នា ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០២២។

ក្រៅតែពីចិន ពាណិជ្ជកម្មរបស់រុស្ស៊ីកំពុងជាប់គាំងជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្តជាច្រើនទៀត។ ជាក់ស្តែង ការនាំចេញរបស់តួកគីទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះប្រហែល៣០ភាគរយក្នុងឆ្នាំនេះ អំឡុងខែមករាដល់ខែមីនា ខណៈការនាំចេញកាហ្សាក់ស្ថានបានធ្លាក់ចុះ២៥ភាគរយ។ ងាកមកវិញ ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងចិនបានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៣។ ការធ្លាក់ចុះនៃពាណិជ្ជកម្មនាពេលថ្មីៗនេះ កើតឡើងនៅពេលដែលរដ្ឋធានីវ៉ាស៊ីនតោន គ្រោងដាក់ទណ្ឌកម្មហិរញ្ញវត្ថុបន្ថែមដើម្បីកាត់ផ្តាច់រំហូរសេដ្ឋកិច្ច។

ការគំរាមកំហែងនៃទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក បាននាំឱ្យធនាគារជាច្រើនទៀតជាប់គាំងជុំវិញកិច្ចប្រតិបត្តិការទាក់ទងនឹងប្រទេសរុស្ស៊ី ដោយធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន និងស្ថាប័នផ្សេងទៀតរបស់ចិនបានបដិសេធមិនដំណើរការការទូទាត់ប្រាក់យ័នចេញពីប្រទេសរុស្ស៊ី។ មែនទែនទៅ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់រុស្ស៊ីមិនត្រូវបានដំណើរការដោយធនាគារចិនចាប់តាំងពីចុងខែមីនា ខណៈក្រុមហ៊ុនរុស្ស៊ីជាច្រើនកំពុងរងការខ្វះខាតផ្នែកអេឡិចត្រូនិច និងគ្រឿងបន្លាស់ផ្សេងទៀត។ ការណ៍នេះត្រូវបានគេរំពឹងថា តម្លៃរថយន្ត និងផលិតផលផ្សេងទៀតនឹងកើនឡើង ជាពិសេសអតិផរណានៅតែបន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត