ធ្វើកសិកម្មមានហានិភ័យខ្ពស់! អគ្គនាយក ARDB ដាស់តឿនកសិករ គិតឱ្យល្អិតល្អន់មុនខ្ចីលុយធនាគារ
S
Soriya Sou
7 ម៉ោងមុន

ក្រុងព្រះវិហារ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានដាស់តឿនឱ្យបងប្អូនប្រជាកសិករ ពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុ…។

លោកណែនាំដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាព ការធ្វើកសិកម្ម និងបញ្ហាប្រឈមនានាដែលកសិករកំពុងជួបប្រទះនៅមូលដ្ឋាន។ លោក កៅ ថាច បានសង្កត់ធ្ងន់ថា៖«ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើន ដូចជា៖ អាកាសធាតុ ទឹកភ្លៀង តម្លៃធាតុចូលកសិកម្ម និងតម្លៃទីផ្សារ។ ដូច្នេះ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ ដោយត្រូវគិតគូរពីសមត្ថភាពសងបំណុល ផែនការផលិតកម្ម ថ្លៃដើមផលិតកម្ម និងទីផ្សារសម្រាប់ផលិតផល ហើយមិនគួរខ្ចីប្រាក់បន្ថែមទេ ដើម្បីយកទៅសងបំណុលចាស់ឡើយ ព្រោះអាចធ្វើឱ្យជាប់នៅក្នុងអន្ទាក់បំណុល»។

អគ្គនាយក ARDB បានលើយកបញ្ហាប្រឈមសំខាន់ៗចំនួន៤ ក្នុងវិស័យកសិកម្មសម្រាប់កសិករពិចារណា រួមមាន៖ បញ្ហាហិរញ្ញប្បទាន, បញ្ហាទីផ្សារ, បញ្ហាថ្លៃធាតុចូលកសិកម្ម ជាពិសេសជី ថ្នាំកសិកម្ម និងសម្ភារផ្សេងៗដែលធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង និងបញ្ហាបច្ចេកទេសកសិកម្ម ដោយកសិករមួយចំនួននៅតែអនុវត្តតាមទម្លាប់ និងធ្វើតាមគ្នាដោយមិនមានបច្ចេកទេសគ្រប់គ្រាន់។ លោកបានបន្តណែនាំឱ្យប្រជាកសិករត្រូវយល់ដឹង និងស្គាល់កាន់តែច្បាស់អំពីតួនាទីរបស់សមាគមបណ្តាញកសិករតេជោ ព្រមទាំងសេវាហិរញ្ញវត្ថុរបស់ធនាគារ ARDB ដែលផ្តោតសំខាន់លើការផ្ដល់ហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត