
រាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២៦ កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកផលិតមាតិកា អ្នកធ្វើដំណើរ និងតារាល្បីៗលំដាប់អន្តរជាតិ តាមរយៈការមកទស្សនាផ្ទាល់ និងការផលិតវីដេអូផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ..។

ជាការកត់សម្គាល់ថ្មីៗនេះ អ្នកផលិតមាតិកាមួយចំនួនមកពីរសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង កេនយ៉ា ន័រវែស ឈីលី និងរុស្ស៊ី បានមកកម្ពុជា ឬផលិតមាតិកាដែលពាក់ព័ន្ធនឹងកម្ពុជា ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនារាប់លាននាក់ នៅលើបណ្តាញសង្គម។ ក្នុងនោះរួមមាន៖ ក្រុម CyberLocos ដំណើរ Tesla Cybertruck បានមកដល់កម្ពុជា ក្នុងដំណើរឆ្លងកាត់ប្រទេសជាច្រើន ជុំវិញពិភពលោកជាមួយរថយន្ត Tesla Cybertruck ក្នុងគោលបំណងបំបែកកំណត់ត្រា Guinness។ កម្ពុជាត្រូវបានរាប់ជាប្រទេសទី៧០ ក្នុងដំណើររបស់ពួកគេ។ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ក្រុម CyberLocos បានផលិតមាតិកា ដូចជា «Cyberlocos in Cambodia» និង «Cambodia is so sweet» ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម មានអ្នកទស្សនាប្រមាណ១,២លានដង។

មិនត្រឹមតែប៉ុណ្ណោះ លោក អឹមប៊ូហ្ស៊ីស៊ីលលឺ (Mbuziseller) គឺជាអ្នកផលិតមាតិកាជនជាតិកេនយ៉ា ដែលបានធ្វើដំណើរជាមួយក្រុម CyberLocos ក៏បានផលិតមាតិកាផ្ទាល់ពីដំណើរទស្សនកិច្ច និងមានការជួបជាមួយភាគីពាក់ព័ន្ធ នឹងវិស័យទេសចរណ៍កម្ពុជា ដែលជួយឱ្យទស្សនិកជនអន្តរជាតិ បានស្គាល់កម្ពុជា និងគោលដៅទេសចរណ៍របស់កម្ពុជាកាន់តែទូលំទូលាយ។ ហាក់មិនខុសគ្នា YouTuber ជនជាតិកូរ៉េខាងត្បូង ដ៏មានប្រជាប្រិយភាពមួយរូប មានអ្នកតាមដានប្រមាណ១,២២លាននាក់ លោក ហ៊ី ចូលីសម៍ Heechulism ក៏បានមកកម្ពុជា ជាលើកទី៣ និងបានផលិតវីដេអូបង្ហាញពីជីវភាពរស់នៅក្នុងរាជធានីភ្នំពេញ និងទំនាក់ទំនងជាមួយប្រជាជនកម្ពុជា។ វីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃទី២៥មិថុនា ទទួលបានអ្នកទស្សនាជាង២៣០k ក្នុងរយៈពេលប្រមាណត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ មាតិការបស់ លោក ហ៊ី ចូលីសម៍ មិនផ្តោតតែលើតំបន់ទេសចរណ៍ល្បីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទីផ្សារកណ្តាល តំបន់មាត់ទន្លេ គុកទួលស្លែង ជីវិតប្រចាំថ្ងៃរបស់ប្រជាជន និងបទពិសោធផ្ទាល់ខ្លួនរបស់លោកនៅកម្ពុជា។

ក្នុងនោះក៏មានរឿងរ៉ាវពាក់ព័ន្ធនឹងការភ្លេចកាបូបលុយ ដែលមានប្រាក់ប្រមាណ ៤០០ដុល្លារអាម៉េរិកនៅក្នុងរថយន្តមួយ ហើយគាត់អាចទទួលបានកាបូបត្រឡប់មកវិញដោយមិនបាត់បង់អ្វីទាំងអស់។ ក្រៅពីនេះ Travel With Chris ដែលជាអ្នកផលិតមាតិកា ធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក បានផលិតវីដេអូជាច្រើនពាក់ព័ន្ធនឹងកម្ពុជា ក្នុងឆ្នាំ២០២៦។ មាតិកាទាំងនោះរួមមាន បទពិសោធជិះរ៉ឺម៉កកង់បី (Tuk Tuk) ការធ្វើដំណើរនៅភ្នំពេញ និងការទស្សនកិច្ចនៅសៀមរាប។ វីដេអូមួយចំនួនបានបង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា វប្បធម៌ខ្មែរ និងបទពិសោធរបស់អ្នកទេសចរនៅក្នុងប្រទេស។ ដូច្នេះ ការចូលមកប្រទេសកម្ពុជា និងការផលិតមាតិកាដោយអ្នកបង្កើតមាតិកាអន្តរជាតិទាំងនេះ បានចូលរួមផ្សព្វផ្សាយរូបភាពកម្ពុជា ទេសចរណ៍ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ទៅកាន់ទស្សនិកជននៅជុំវិញពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលការប្រើប្រាស់បណ្តាញសង្គម និងវីដេអូអនឡាញកាន់តែមានឥទ្ធិពល ការមកទស្សនាផ្ទាល់របស់អ្នកផលិតមាតិកាអន្តរជាតិ និងការចែករំលែកបទពិសោធរបស់ពួកគេ អាចក្លាយជាមធ្យោបាយដ៏សំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីកម្ពុជា និងជំរុញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិ ចំពោះប្រទេសកម្ពុជាផងដែរ៕



