
រាជធានីភ្នំពេញ៖ អាវុធហត្ថលើផ្ទៃប្រទេស បានចេញប្រកាសតាមស្វែងរកចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ ប៉េង ជីវ៉ា បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះធ្វើសកម្មភាពក្លែងបន្លំជាមន្ត្រីកងរាជអាវុធហត្ថ(តម្រួតយោធា) ដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ និងបង្កការភ័ន្តច្រឡំដល់សាធារណជន...។

តាមរយៈក្រុមការងារព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា បុគ្គលមានឈ្មោះ ប៉េង ជីវ៉ា មានភិនភាគដូចក្នុងរូបភាពនេះ ពុំមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឡើយ។ ជាមួយគ្នា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអំពាវដល់សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជួយផ្តល់ព័ត៌មានបន្ថែម ដល់កងរាជអាវុធហត្ថគ្រប់រាជធានី-ខេត្ត ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមនីតិវិធីច្បាប់ ដើម្បីចាប់ខ្លួនជននេះ មកផ្តន្ទាទោសតាមច្បាប់។

ការលើកឡើងរបស់ស្ថាប័នជាន់ខ្ពស់កងរាជអាវុធហត្ថនៅពេលនេះ គឺបន្ទាប់ពីគណនីហ្វេសប៊ុកដែលមានឈ្មោះថា សាមឌី តស៊ូ បង្ហោះរូបភាពជាច្រើនសន្លឹកភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា បុគ្គលម្នាក់នេះ ប្រើឯកសណ្ឋាន និងយកឈ្មោះថ្នាក់ដឹកនាំទៅប្រើ ដើម្បីឱ្យគេជឿទុកចិត្តថា ខ្លួនជាអ្នកធ្វើការពិតប្រាកដតែតាមពិតល្បិចបោក! ជាពិសេស ស្នើទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់២៥ខេត្តក្រុង បើឃើញបុគ្គលនេះ នៅទីណាសូមរាយការណ៍មកខ្ញុំ ខ្ញុំនឹងអនុវត្តតាមច្បាប់៕




