
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានមើលផ្ទាល់ភ្នែកពីបរិយាកាសវិនិយោគនៅកម្ពុជា លោក ធៀរី ហ្វេបវ៉េ (Thierry Febvay) ប្រធានផ្នែកអភិវឌ្ឍនៃក្រុមហ៊ុនបារាំង SEMMARIS បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងសិក្សាគ្រប់បង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា…។

លោក ហ្វេបវ៉េ កំពុងដឹកនាំប្រតិភូក្រុមហ៊ុន SEMMARIS នៃប្រទេសបារាំង បំពេញបេសកកម្មនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ថ្លែងប្រាប់លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១២សីហា ប្រធានប្រតិភូក្រុមហ៊ុនបារាំងខាងលើ គូសបញ្ជាក់ថា៖ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា នាពេលនេះ ដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព លើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។ គម្រោងនេះ កើតចេញពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន World Bridge Group តាមរយៈការចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០កក្កដាកន្លងទៅ។

ក្នុងនោះ លោកបានលើកឡើងពីឧត្តមភាពរបស់ SEMMARIS និងបានបញ្ជាក់ពីគោលបំណងនាំយកជំនាញបច្ចេកទេស ព្រមទាំងគំរូនៃការរៀបចំ និងគ្រប់គ្រងស្ដង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្មនៅកម្ពុជាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SEMMARIS និងដៃគូ។ លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមទៅលើទិន្នផល ដែលប្រជាកសិករផលិតបាន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំផ្តល់កិច្ចសម្របសម្រួល ហើយគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។

គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថា ជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនប្រជាកសិករ។ វាក៏ជួយលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារតំបន់ និងសកលលោកនាពេលអនាគត៕




