
រដ្ឋាធានីប៉េកាំង៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជា បូករួមទាំងកិច្ចសហប្រតិបត្តិការផ្នែកសព្វាវុធយោធាផង មិនមែនកំណត់គោលដៅដើម្បីបង្កផលប៉ះពាល់ដល់ប្រទេសភាគីទីបីណាឡើយ ហើយក៏មិនបង្កបញ្ហាអ្វីទាល់តែសោះ នៅតាមព្រំដែនជាប់ជាមួយថៃ។ អ្នកដែលប្រកាសយ៉ាងច្បាស់អំពីរឿងនេះ គឺលោក គួ ជៀគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ច្បាស់ប៉ុណ្ណឹងហើយ តើថៃស្ដាប់បានទេ ឬក៏ត្រូវការការបកស្រាយបន្តទៀត...?

បន្ទាប់មក លោក គួ ជៀគុន និយាយក្នុងផ្លូវកណ្តាលថា ចិន ជាមិត្តល្អទាំងសងខាងរវាងកម្ពុជា-ថៃ ហើយចិនចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្នែកសម្ភារយោធាជាធម្មតាជាមួយប្រទេសទាំងពីរ។ លោក បន្តថា ចិនរក្សាទំនាក់ទំនងដោយស្មោះត្រង់ជាមួយកម្ពុជា និងថៃ ហើយប្រទេសទាំងពីរ បានយល់ច្បាស់លាស់អំពីបញ្ហានេះ។ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តល្អរបស់កម្ពុជា-ថៃ ចិនបានប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញកិច្ចចរចាស្វែងរកសន្តិភាព និងលើកទឹកចិត្តប្រទេសទាំងពីរ ឱ្យបន្តទំនាក់ទំនងជាមួយគ្នាឡើងវិញ។

ជុំវិញបញ្ហានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ហ៊ានសន្និដ្ឋានទុកជាមុនថា បើទោះជាចិនបកស្រាយប៉ុន្មានដងក៏ដោយ ក៏ថៃនៅតែបារម្ភដដែល ហើយថៃនៅតែប្រកាសស្វែងរកការពិត បើទោះជាការពិតក្នុងរឿងនេះ ត្រូវបានលាតត្រដាងហើយក៏ដោយ។ ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយអង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី១៣ ខែសីហានេះ បញ្ញវន្តជាអ្នកតាមដានបញ្ហានយោបាយ និងសង្គមរូបនេះ បង្ហាញការមើលឃើញថា៖«បញ្ហានេះ នៅតែរសើបសម្រាប់ថៃ ដោយសារថៃ នៅតែមិនទុកចិត្ត និងមិនសប្បាយចិត្តចំពោះទំនាក់ទំនងកម្ពុជា-ចិន ពិសេស តាមរយៈការផ្ដល់សព្វាវុធរបស់ចិន មកកម្ពុជា»។ ទោះថៃប្រឹងឡាំប៉ា ឬបន្តសួរជីកកកាយអំពីរឿងនេះយ៉ាងណាក៏ដោយ លោក សេក សុជាតិ មិនចង់ឱ្យកម្ពុជា ទៅឈឺក្បាលវិលមុខជាមួយនោះទេ។ អ្វីដែលលោកចាត់ទុកថា សំខាន់ខ្លាំងសម្រាប់កម្ពុជា គឺការប្រឹងពង្រឹងសមត្ថភាពខ្លួនឯង។

សូមរម្លឹកថា ប្រមាណ២ខែមុន គឺកាលពីដើមខែមិថុនា ឆ្នាំ២០២៦ ចិនបានបញ្ជូនរថក្រោះ៣៩គ្រឿងមកកម្ពុជា ហើយអាចនឹងបញ្ជូនមួយចំនួនផ្សេង មកតាមក្រោយទៀត។ ថៃនៅមិនសុខនោះទេ! ពេលទៅបំពេញបេសកកម្មនៅចិន លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) ក្នុងនាមជានាយករដ្ឋមន្រ្តី ក៏បានសួរផ្ទាល់នៅចំពោះមុខ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន អំពីរឿងនេះ។ រឿងស្រួលយល់បំផុត តែលោក អនុទីន ជាមេដឹកនាំប្រទេសមួយប៉ុនណា ប៉ុនណី បែរជាមិនយល់! លោក ស៊ី ជីនពីង ក៏ពន្យល់ឱ្យយល់ថា រថក្រោះ ដែលចិនបញ្ជូនមកកម្ពុជា មិនមែនដើម្បីបង្កហានិភ័យដល់ថៃនោះទេ។ ម្យ៉ាងទៀត ការប្រគល់រថក្រោះនេះ គឺធ្វើទៅតាមកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន តាងពីមុនផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃទៅទៀត។

មិនមែនតែរថក្រោះឡើយ! មុនបញ្ជូនរថក្រោះមក ចិនបានបញ្ជូននាវាចម្បាំង១គ្រឿង ប្រភេទ ហ្វ្រីហ្កេត លេខ៦២២ (Frigate 622) មកកម្ពុជារួចទៅហើយ។ នាវាចម្បាំងនេះ គឺជាអំណោយរបស់មិត្តចិន ដែលសន្យាផ្តល់ឱ្យកម្ពុជាយូរយាណាស់មកហើយ មិនមែនទើបតែសន្យាផ្តល់ឱ្យក្នុងអំឡុង ឬក្រោយពេលផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃនោះទេ។ នៅដើមខែសីហា ឆ្នាំ២០២៦នេះ កងទ័ពកម្ពុជា បានបញ្ចេញនាវាចម្បាំងនេះ យកទៅហ្វឹកហ្វឺនលើផ្ទៃសមុទ្ទរបស់ខ្លួន។ ក្រោយឃើញកម្ពុជាបញ្ចេញនាវាចម្បាំងហ្វ្រីហ្កេត យោធាថៃ ក៏ប្រកាសថា ត្រៀមលុយទិញនាវាប្រភេទនេះដែរ រួមទាំងនាវាមុជទឹកថែមទៀត ដើម្បីកុំឱ្យចាញ់ប្រៀបកម្ពុជា។

ថ្វីបើប្រទេសទាំងពីរ ព្យាយាមពង្រឹងសមត្ថភាពយោធា និងសព្វាវុធរៀងខ្លួនក្ដី តែមានចរិតលក្ខណៈខុសគ្នាស្រឡះ ពោលគឺ កម្ពុជា ត្រៀមដើម្បីការពារខ្លួន ឯថៃត្រៀមដើម្បីឈ្លានពាន។ មិនមែននិយាយតែមាត់ឡើយ យើងមានភស្តុតាងជាក់ស្តែង គឺរហូតមកដល់ពេលនេះ យោធាថៃ នៅតែបន្តកាន់កាប់តំបន់នានារបស់កម្ពុជា នៅតាមព្រំដែន បើទោះជាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍យ៉ាងណាក៏ដោយ៕



