
អាម៉េរិក៖ រដ្ឋ៣នៅអាម៉េរិក គឺ រដ្ឋថេនណេសស៊ី (Tennessee) រដ្ឋអាឡាបាម៉ា (Alabama) និងរដ្ឋអូក្លាហូម៉ា (Oklahoma) នឹងប្រហារជីវិតអ្នកទោស៣នាក់ តាមរយៈការចាក់ថ្នាំសម្លាប់ដូចគ្នា ហើយស្ថិតក្នុងថ្ងៃតែមួយដូចគ្នា គឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ (រដ្ឋមួយ ប្រហារជីវិតអ្នកទោសម្នាក់)។ នេះបើតាមសារព័ត៌មាន Al Jazeera ចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា។ អ្នកទោសទាំង៣នាក់ សុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម និងបទឧក្រិដ្ឋធ្ងន់ៗផ្សេងទៀត។

នៅរដ្ឋថេនណេសស៊ី អ្នកទោស ឈ្មោះ អានថូនី ដារ៉េល ហ៊ីន (Anthony Darrell Hines) នឹងត្រូវប្រហារជីវិត ដោយសារបានសម្លាប់ស្រ្តីម្នាក់ជាអ្នកធ្វើការតាមផ្ទះសំណាក់ ឬសណ្ឋាគារ តាំងពីឆ្នាំ១៩៨៥។ នៅរដ្ឋអាឡាបាម៉ា អ្នកទោសឈ្មោះ ជេរីមី វីលៀម (Jeremy Williams) នឹងត្រូវប្រហារជីវិត ពីបទរំលោភ និងសម្លាប់ក្មេងស្រីអាយុទើប៥ឆ្នាំ កាលពីឆ្នាំ២០២១។ នៅរដ្ឋអូក្លាហូម៉ា អ្នកទោសឈ្មោះ កាឡូស កេស្តា រ៉ូឌ្រីហ្កេ (Carlos Cuesta-Rodriguez) នឹងត្រូវប្រហារជីវិត ដោយសារបានបាញ់សម្លាប់មិត្តស្រីរបស់ខ្លួន ក្នុងឆ្នាំ២០០៣។

អាម៉េរិក ខានមានអ្នកទោសដែលត្រូវប្រហារជីវិតអស់រយៈពេល១៦ឆ្នាំហើយ ដោយគិតចាប់តាំងឆ្នាំ២០១០មក។ កាលពីឆ្នាំ២០១០ អាម៉េរិក បានប្រហារជីវិតអ្នកទោស៣នាក់ដែរ តាមរយៈការចាក់ថ្នាក់បែបនេះ។ ការស្ទង់មួយកាលពីចុងឆ្នាំ២០២៥ បង្ហាញថា ពលរដ្ឋអាម៉េរិក៥២ភាគរយ ផ្តល់ចម្លើយថា ការដាក់ទោសប្រហារជីវិត «គឺអាចទទួលយកបាន»៕



