នាយករដ្ឋមន្រ្ដីជប៉ុន ប្រឆាំងអ៊ីរ៉ង់ទារថ្លៃឆ្លងកាត់ច្រកសមុទ្ទហ័រមូស
S
Sinuon Nop
7 ម៉ោងមុន

រាជធានីតូក្យូ៖ បច្ចុប្បន្ន ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ ទាំងដែលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ សុទ្ធតែទាមទារសំណងខូចខាត ដោយសារសង្គ្រាមទៅវិញទៅមក ប៉ុន្ដែរដ្ឋាភិបាលជប៉ុនឯណេះវិញ បានជំទាស់ទៅនឹងរដ្ឋាភិបាលរដ្ឋធានីតេហ៊ីរ៉ង់ ដែលបាននិងកំពុងទាមទារឱ្យគ្រប់នាវាដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូសបង់ថ្លៃទៅឱ្យខ្លួន...។

សារព័ត៌មាន The Japan Times បានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហានេះថា នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេអេ តាកៃឈី (Sanae Takaichi) កាលពីថ្ងៃពុធ បានប្រាប់ទៅលោកប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ផេសហ្សេស្គាន (Masoud Pezeshkian) ថា វាមានសារសំខាន់ខ្លាំងណាស់ នៅក្នុងការធ្វើឱ្យប្រាកដនូវសេរីភាព និងការធ្វើនាវាចរប្រកបដោយសុវត្ថិភាព ដោយគ្មានការបង់ប្រាក់បន្ថែម ដូចជា តម្លៃឆ្លងកាត់ច្រកសមុទ្ទហ័រមូស (Hormuz)ជាដើម។ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទរយៈពេល២០នាទី លោកស្រីនាយករដ្ឋមន្រ្ដី តាកៃឈី បានជំរុញឱ្យមេដឹកនាំអ៊ីរ៉ង់ ពិភាក្សាដោយការប្រុងប្រយ័ត្ន ជាមួយសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសដែលប្រើប្រាស់ផ្លូវទឹកដ៏សំខាន់នេះ សម្រាប់ការដឹកជញ្ជូនប្រេងឆៅរបស់ពិភពលោក។

នេះជាការសន្ទនាតាមទូរសព្ទលើកទី៤ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានវាយប្រហារលើប្រទេសអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈរហូតមក។ បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្រុមឧទ្ទាមហ៊ូធី (Houthi) គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន កំពុងវាយប្រហារទៅលើនាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្ទបាប់ អេល-ម៉ាន់ដែប (Bab el-Mandeb) ដែលជាចំណុចតភ្ជាប់ផ្លូវសមុទ្ទដ៏សំខាន់មួយទៀត នៅជិតសមុទ្ទក្រហម។ ស្របគ្នានេះដែរ នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី តាកៃឈី បានអំពាវនាវដល់រដ្ឋាភិបាលរដ្ឋធានីតេហ៊ីរ៉ង់ ជំរុញឱ្យក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន អត់ធ្មត់ ជាមួយនឹងការលើកឡើង ថា៖«យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន នៅច្រកសមុទ្ទ Bab el-Mandeb ដោយគិតលើទិដ្ឋភាព នៃសន្តិសុខថាមពល»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត