
គុនខ្មែរ៖ ការប្រកួតនៅសង្វៀន K-1 ដែលគ្រោងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ពិសេស គឺបេក្ខភាពអ្នកប្រដាល់គុនខ្មែរពីររូប គឺគ្រូម៉ៅចាប់ខ្មោច លន បញ្ញា និងក្របីព្រៃ ពេជ្រ សម្បត្តិ ដែលអ្នកទាំងពីរសុទ្ធតែជាកីឡាករគុនខ្មែរកម្រិតកំពូលប្រចាំប្រទេសដូចគ្នា។ យ៉ាងណា មានការជជែកដេញដោលគ្នារវាងគ្រូបង្វឹកពីររូប បន្ទាប់ពីមានដំណឹងបែកធ្លាយមកថា ក្របីព្រៃ ពេជ្រ សម្បត្តិ អាចនឹងត្រូវរប្តូរសមាសភាពដោយកីឡាករ ធន់ ម៉េងហុង...។

ក្រុមអត្តពលិកកម្ពុជា នឹងត្រូវចេញទៅប្រកួតនៅប្រទេសជប៉ុន លើវិញ្ញាសាឃីកបុកស៊ីង (Kickboxing) នាសង្វៀន K-1 កម្រិតពិភពលោក។ ការផ្គូផ្គងគូប្រកួតរវាងអ្នកលេងគុនខ្មែរ និងភាគីអ្នកលេងគុនសាម៉ូរៃជប៉ុន ត្រូវបានបង្ហាញមុខជាបណ្តើរៗហើយ តាមប្រភេទទម្ងន់នីមួយៗ នៅឡើយតែប្រភេទទម្ងន់៦០គីឡូក្រាម ដែលហាក់នៅមិនទាន់មានភាពច្បាស់ការណ៍នៅឡើយ។ ដំបូងឡើយ ប្រភពព័ត៌មាននៅក្នុងវិស័យប្រដាល់គុនខ្មែរបានទម្លាយថា កីឡាករ ពេជ្រ សម្បត្តិ គឺជាអ្នកទទួលភារកិច្ចមួយនេះ។ ប៉ុន្តែអ្វីៗបានប្រែប្រួល ពោលគឺនៅល្ងាចថ្ងៃទី១២ ខែសីហាម្សិលមិញ លោក ធន់ សុភា ដែលជាគ្រូបង្វឹកនៅក្លិប«ធន់ សុភា គុនខ្មែរ» បានបញ្ជាក់ច្បាស់ៗថា៖«កីឡាករ ធន់ ម៉េងហុង មានភារកិច្ចចេញប្រកួតតំណាងជាតិ នៅសង្វៀន K-1 ជំនួសកីឡាករ ពេជ្រ សម្បត្តិ»។

ក្រោយឃើញសំណេរនេះ លោក ពេជ្រ សុផាន់ ដែលមានរហស្សនាមគ្រូឆ្នើម មិនបង្អង់យូរឡើយ ដោយលោកចេញមកនិយាយយ៉ាងខ្លីថា៖«ដូចខ្វះពាក្យនិយាយ»។ មិនខុសពីការយល់ឃើញរបស់ម្ចាស់រហស្សនាមគ្រូឆ្នើមឡើយ អ្នកគាំទ្រគុនខ្មែរមួយចំនួនធំ បានលើកឡើងព្រមគ្នាដែរថា អត្ថន័យនៃសំណេររបស់លោក ធន់ សុភា ហាក់កំពុងបង្ហាញឱ្យមហាជនបានដឹងជាមុនថា ប្រសិនបើសិស្សរបស់លោក [ធន់ ម៉េងហុង] ប្រកួតឈ្នះ នោះគឺជាសមត្ថភាពពិតប្រាកដ ដែលទទួលបានការបណ្ដុះបណ្ដាលចេញពីដៃលោកផ្ទាល់ដែលត្រូវបានអ្នករៀបចំ យកជំនួស ក្របីព្រៃពេជ្រ សម្បត្តិ។ ប៉ុន្តែបើភ្ាលត់ស្នៀតចាញ់វិញ អាចនិយាយបានថា មកពីសិស្សរបស់លោកទទួលភារកិច្ចជំនួសមិត្តរួមជាតិ ហើយមិនបានត្រៀមខ្លួនឱ្យបានពេញលេញប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ មហាជនគាំទ្រគុនខ្មែរមួយចំនួន ក៏បានបញ្ចេញមតិផ្ទុយគ្នាថា ទោះបី ពេជ្រ សម្បត្តិ ឬ ធន់ ម៉េងហុង ជាអ្នកចេញប្រយុទ្ធក៏ដោយ ឱ្យតែទទួលបានជ័យជម្នះ គឺសុទ្ធតែជាកិត្តិយសសម្រាប់ជាតិខ្មែរយើងទាំងអស់ ប៉ុន្តែសម្រាប់ក្របីព្រៃ ពេជ្រ សម្បត្តិ អ្នកគាំទ្រហាក់រំពឹងខ្ពស់ជាង ម៉េងហុង បន្តិច។ ទោះបីមានការបោះពាក្យសម្តីវាយប្រហារពីសំណាក់លោកគ្រូឆ្នើម តែគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១៣សីហានេះ លោកគ្រូ ធន់ សុភា ប្រធានសមាគមកីឡាប្រដាល់កងយុទ្ធពលខេមរភូមិន្ទ មិនទាន់មានការបកស្រាយបន្ថែម ជុំវិញសង្គ្រាមពាក្យសម្តីដ៏រសើបនេះនៅឡើយទេ ខណៈលោកបានត្រឹមកែតម្រូវសំណេរដែលលោកបានសរសេរកន្លងមក មកនៅត្រឹមតែ៖ «ធន់ ម៉េងហុង មានភារកិច្ចតំណាងជាតិ ទៅប្រកួតនៅសង្វៀន K-1» វិញតែប៉ុណ្ណោះ៕





