ច្បាស់ការហើយ! ពេជ្រ សម្បត្តិ ប៉ះជាមួយ អិនសេដូ ហ្គូមបា ខណៈអ្នកគាំទ្រចង់ឱ្យដាក់ខ្សែក្រវាត់ម្នាក់មួយ
ជួន ចាន់ម៉ារ៉ាឌី
23 កញ្ញា 2024 10:30 AM

គុនខ្មែរ៖ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងរៀបចំការប្រកួតការពារ-ដណ្ដើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយអ្នកលេងក្បាច់គុនមួយថៃ កីឡាករ អិនសេដូ ហ្គូមបា នៅថ្ងៃទី២៨កញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីគ្រុឌគុនខ្មែរ។ អិនសេដូ ហ្គូមបា ក៏មានខ្សែក្រវាត់គ្រុឌគុនខ្មែរឆេមពានមួយខ្សែដែរ ខណៈអ្នកគាំទ្រចង់ឱ្យកីឡាករបរទេសហោះឆ្លងដែនមកពីទ្វីបអាហ្រ្វិកខាងត្បូងរូបនេះ ដាក់ខ្សែក្រវាត់មួយខ្សែដូចគ្នាទៅនឹងកីឡាករ ពេជ្រ សម្បត្តិ...។

គួររំឭកបន្តិចដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ កីឡាកររហស្សនាមនាគមាសខេត្តបន្ទាយមានជ័យ ឃីម ឌីម៉ា បានបង្ហោះរូបភាពជាមួយក្របីព្រៃ ដោយបានផ្សារភ្ជាប់ជាមួយសំណេរយ៉ាងខ្លីថា ជួបគ្នាហើយ! យកខាងណាខាងណីបងប្អូន? ខណៈកីឡាករ ពេជ្រ សម្បត្តិ ក៏បានបង្ហោះរូបភាពដោយភ្ជាប់ជាមួយសំណេរដូចគ្នាទៅនឹងសិស្សច្បងដែរ ធ្វើឱ្យមហាជនមានការងឿងឆ្លងជាខ្លាំង ថាតើពិតដែរទេ អ្នកទាំងពីរជួបគ្នានៅចុងខែកញ្ញានេះ? ជាការពិតណាស់ នៅពីក្រោយចម្ងល់ទាំងអស់របស់មហាជនគាំទ្រគុនខ្មែរត្រូវបានបង្ហាញ ក្រោយពីលោកគ្រូ ពេជ្រ សុផាន់ ប្រធានក្លឹប ពេជ្រ សុផាន់គុនខ្មែរ បានបង្ហោះសារនៅលើបណ្ដាញសង្គមបញ្ជាក់ច្បាស់ៗថា នៅថ្ងៃទី២៨កញ្ញានេះ កីឡាករ ពេជ្រ សម្បត្តិ ត្រូវប៉ះជាមួយជើងខ្លាំងកីឡាករ អិនសេដូ ហ្គូមបា ខណៈកីឡាករហោះឆ្លងដែនមកពីអាហ្រ្វិកខាថងត្បូងរូបនេះក៏បានចេញវីដេអូបញ្ជាក់ច្បាស់ៗដែរថា រូបគេគឺជាអ្នកឡើងមកសាកល្បងក្បាច់គុនជាមួយក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ

កីឡាករហាត់ក្បាច់គុនមួយថៃង អិនសេដូ ហ្គូមបា ក៏ជាម្ចាស់ខ្សែក្រវាត់គ្រុឌគុនខ្មែរឆេមពាន មួយខ្សែដែរ ក្រោយដណ្ដើមយកបានកីឡាកររហស្សនាមនាគមាសខេត្តបណ្ទាយមានជ័យ ឃីម ឌីម៉ា កាលពីពេលថ្មីៗកន្លងទៅ។ ជាក់ស្ដែង កីឡាកររូបនេះទទួលបានឱកាសឡើងមកដណ្ដើមខ្សែក្រវាត់ពីកីឡាករគុនខ្មែរជាថ្មីម្ដងទៀតនៅចុងខែនេះ ប៉ុន្តែ អ្នកគាំទ្រចង់ឱ្យបរទេសម្នាក់នេះដាក់ខ្សែក្រវាត់ដែលទើបដណ្ដើមបាននោះប្រកួតគ្នាដាក់ម្នាក់មួយខ្សែ ដើម្បីធ្វើឱ្យការជួបគ្នានេះកាន់តែកក្រើក។ មហាជនគាំទ្រគុនខ្មែរបានជជែកពាសពេញបណ្ដាញសង្គម និងគ្រុបតេឡេក្រាមកីឡា ដោយបានលើកឡើងថា ការជួបគ្នារវាងម្ចាស់ខ្សែក្រវាត់គ្រុឌគុនខ្មែរឆេមពាន ដូចគ្នាបែបនេះគួរដាក់ខ្សែក្រវាត់ម្នាក់មួយខ្សែ កាន់តែល្អមើល និងកាន់តែកក្រើក។

ប៉ុន្តែ ទោះជាយ៉ាងណា ប្រភពដែលនៅកៀកជិតអ្នករៀបចំកម្មវិធីបានបង្ហើបឱ្យដឹងស្របគ្នាដែរថា ម្ចាស់កម្មវិធីក៏ចង់ឱ្យអ្នកទាំងពីរដាក់ខ្សែក្រវាត់ម្នាក់មួយខ្សែដែរ ប៉ុន្តែមិនមែនពេលនេះទេ។ កីឡាករ អិនសេដូ ហ្គូមបា ជាម្ចាស់ខ្សែក្រវាត់គ្រុឌគុនខ្មែរឆេមពាន ប៉ុន្តែ រូបគេទើបតែដណ្ដើមបានជាងមួយខែប៉ុណ្ណោះ ឯការប្រកួតដាក់ខ្សែក្រវាត់តម្រូវឱ្យគ្រងខ្សែក្រវាត់រហូត៣ខែ ទើបអាចដាក់ឱ្យដណ្ដើមម្ដងទៀតបាន។ ប៉ុន្តែ កីឡាករ អិនសេដូ ហ្គូមបា មានសិទ្ធិឡើងមកដណ្ដើមខ្សែក្រវាត់ថ្មីមួយទៀត។ ប្រភពដដែលបានបន្តឱ្យដឹងថា ការប្រកួតការពារដណ្ដើមខ្សែក្រវាត់រវាងក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករ អិនសេដូ ហ្គូមបា នៅថ្ងៃទី២៨កញ្ញានេះ គឺជាការប្រកួតគុនខ្មែរវាយ៥ទឹក ប្រើហ្គង់ធំធម្មតា។ ដូច្នេះ​ រង់ចាំមើលទាំងអស់គ្នាថា តើកីឡាករហោះឆ្លងដែនមកពីអាហ្រ្វិកខាងត្បូងអាចដណ្ដើមខ្សែក្រវាត់គ្រុឌគុនខ្មែរឆេមពានខ្សែទី២ ហោះទៅប្រទេសខ្លួនវិញបានដែរទេ? ខណៈអ្នកគាំទ្រជឿជាក់ថា ពេជ្រ សម្បត្តិ នឹងសម្រួចស្នែងក្របីព្រៃនឹងដេញវ័ធកីឡាករ អិនសេដូ ហ្គូមបា ឱ្យបោះបង់ការប្រកួត និងការពារខ្សែក្រវាត់បានជាក់ជាមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត