«គុនខ្មែរ» កំពុងជះរស្មីម្ដងបន្តិចៗស្ទើរគ្រប់ច្រកល្ហកនៃពិភពលោក
ហៀប ស៊ីថេត
08 មេសា 2025 05:15 AM

គុនខ្មែរ៖ តើគុនខ្មែរគឺជាអ្វី...? ក្នុងនាមជាប្រជាជន និងកុលបុត្រកុលធីតាខ្មែរ លោកអ្នកប្រាកដជាបានដឹង និងជ្រាបច្បាស់រួចមកហើយ «គុនខ្មែរ» គឺជាពាក្យ២ម៉ាត់ដ៏មានអត្ថន័យ សំដៅទៅលើក្បាច់គុនរបស់ដូនតាខ្មែរ ឬគុនប្រយុទ្ធរបស់ខ្មែរដែលមានតាំងពីសម័យបុរាណមកម្ល៉េះ និងបានចាក់ឫសកប់យ៉ាងជ្រៅនៅពាសពេញទឹកដីអាស៊ីអាគ្នេយ៍ ខណៈចម្លាក់មានឆ្លាក់ជាប់ផុសលើប្រាង្គប្រាសាទបុរាណខ្មែរ និងមានក្បួនគម្ពីរ សាស្ត្រាជាតឹកតាងស្រាប់។ គុនខ្មែរ គឺជាក្បាច់គុនប្រយុទ្ធបុរាណរបស់ខ្មែរ ដែលមានលាយបញ្ចូលយុទ្ធក្រមខម ល្បុក្កតោ ទ្វារប្រាំបី ក្រពើហា និងចំបាប់ជាដើម។ល។និងជាក្បួន​ពិជ័យ​សង្រ្គាមខ្មែរ​មហានគរដែលមានតាំងពីសម័យអង្គរដ៏រុងរឿងមកម្ល៉េះ។ បច្ចុប្បន្ន គុនខ្មែរ កំពុងរីកសាយភាយកេរ្តិ៍ឈ្មោះយ៉ាងសន្សឹមៗទៅកាន់ឆាកអន្តរជាតិ...។

ជាក់ស្តែង គេហទំព័រអន្តរជាតិល្បីឈ្មោះមួយដែលមានឈ្មោះថា WKN (World Kickboxing Network) បាននិងកំពុងចរចាកិច្ចព្រមព្រៀងកម្រិតខ្ពស់ជាមួយភាគីកម្ពុជាជាផ្លូវការ លើការប្រកួតជើងឯកគុនខ្មែរ ឬ WKN Kun Khmer ជាលើកដំបូងដែលមិនធ្លាប់មាន ខណៈការណ៍នេះ គឺជាជំហានដ៏សំខាន់មួយដើម្បីនាំគុនខ្មែរទៅកាន់ពិភពលោក។ KWN បានផុសនៅលើបណ្តាញគេហទំព័រផ្ទាល់ខ្លួនថា៖«WKN កំពុងស្ថិតក្នុងកិច្ចចរចាសម្រាប់ការប្រកួតជើងឯកគុនខ្មែរជាផ្លូវការ។ បច្ចុប្បន្ន​ WKN កំពុង​ស្ថិត​ក្នុង​ការ​ចរចា​សម្រាប់​ស្ថាប័ន​ផ្លូវការ និង​ជាលក្ខណៈ​សាកល​ នៃ​ការ​ប្រកួត​ជើងឯក​គុន​ខ្មែរ។ នេះ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ និង​ការ​ទទួល​ស្គាល់​គុន​ខ្មែរ​លើ​ឆាក​ពិភពលោក។ ព័ត៌មានលម្អិតនឹងមកដល់ឆាប់ៗនេះ»។

នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយដើម្បីរុញល្បឿន និងវិសាលភាពគុនខ្មែរកាន់តែទូលំទូលាយទៅកាន់ឆាកអន្តរជាតិ និងបង្ហាញគុនខ្មែរក្នុងទម្រង់ជាលក្ខណៈប្រដាល់ក្បាច់គុណបុរាណខ្មែរ មានប្រវត្តិដ៏សម្បូរបែប និងដើរតួយ៉ាងសំខាន់ក្នុងវប្បធម៌ក្បាច់គុនរបស់ប្រទេសដ៏ចំណាស់មួយនេះ ជាមួយនឹងស្នៀតប្រយុទ្ធរួមមានការប្រើកណ្តាប់ដៃ កែង ជង្គង់ និងទាត់ ព្រមទាំងបច្ចេកទេសនៃស្នៀតប្រយុទ្ធផ្សេងៗទៀតតាមបែបបុរាណខ្មែរ។ ងាកទៅមើលនៅលើទឹកដីសហរដ្ឋអាម៉េរិកឯណោះវិញ មានទាំងគ្រូបង្វឹក កីឡាករ បងប្អូនខ្មែររស់នៅអាម៉េរិក និងជនបរទេសជាច្រើន បានដង្ហែក្បួនព្យុហយាត្រានៅក្នុងទីក្រុងឡុងប៊ិក នៃកាលីហ្វ័រញ៉ា បង្ហាញ និងលើកស្ទួយមុខមាត់គុនខ្មែរនៅទីនោះ។ ក្រៅពីបង្ហាញគុនខ្មែរដ៏គួរឱ្យចាប់អារម្មណ៍នៅលើទឹកដីសហរដ្ឋអាម៉េរិក ពួកគេក៏បានបង្ហាញអំពីទង់ជាតិខ្មែរ ខោគុនខ្មែរ អាវគុនខ្មែរ បដាគុនខ្មែរ និងហ្គង់ដែលមានពាក្យគុនខ្មែរផងដែរ ជាពិសេស គឺក្រមា ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរទាំងមូល។

អ្វីដែលគ្រប់គ្នានឹងស្មានមិនដល់ គឺថា..នៅក្នុងក្បួនដង្ហែនោះ ក៏មានការប្រគំភ្លេងថ្វាយគ្រូគុនខ្មែរ ថែមទៀតផង។ ទាំងនេះហើយសុទ្ធសឹងតែជាតឹកតាង និងការរួមចំណែកយ៉ាងធំធេងក្នុងការនាំប្រដាល់គុនខ្មែរ និងអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោក។
នេះស-បញ្ជាក់ឱ្យឃើញថា គុនខ្មែរកំពុងបញ្ចេញរស្មីម្ដងបន្តិចៗទៅកាន់ពិភពលោកតាមរយៈសកម្មភាព និងយុទ្ធនាការផ្សេងៗ ស្របពេលគុនខ្មែរកំពុងរីកសុះសាយខ្លាំងក្នុងពេលបច្ចុប្បន្ន ខណៈកីឡាករគុនខ្មែរកំពុងមានទីផ្សារប្រកួតទាំងកម្រិតជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ថា គុនខ្មែរ មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំនៀមទម្លាប់វប្បធម៌ប្រពៃណី ដែលបានបន្សល់ទុកជាច្រើនជំនាន់របស់ដូនតាខ្មែរ។ ដូច្នេះ ក្នុងនាមជាអ្នកស្នងមរតកក្បាច់គុនដូនតាខ្មែរ សូមចូលរួមថែរក្សា ការពារ អភិរក្ស និងលើកស្ទួយសិល្បៈគុនខ្មែរទាំងអស់ និងនាំគុនខ្មែរទៅគ្រប់ច្រកល្ហកនៃពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត