ជំងឺមហារីក ស.ម្លា.ប់ប្រជាជនវៀតណាមជាង១១ម៉ឺននាក់ក្នុងមួយឆ្នាំ
N
Nary Vann
18 ម៉ោងមុន

រដ្ឋធានីហាណូយ៖ ប្រទេសវៀតណាម បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺមហារីកប្រមាណ១១១ ០១៥នាក់ក្នុងមួយឆ្នាំ ពោលគឺជាមធ្យមមានមនុស្សម្នាក់ស្លាប់រៀងរាល់៥នាទី។ នេះបើយោងតាមទិន្នន័យថ្មី ពីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC)...។

ទិន្នន័យដដែលបានបង្ហាញ វៀតណាមមានករណីឆ្លងជំងឺមហារីកថ្មីប្រមាណ ១៧៧ ៤០៤ករណីក្នុងមួយឆ្នាំ ធៀបទៅនឹងរយៈពេល១៦ឆ្នាំមុន អត្រានៃការកើតជំងឺនេះបានកើនឡើង៥៩ភាគរយ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់៣៥ភាគរយ។ អត្រាអ្នកស្លាប់ធៀបនឹងអ្នកកើតថ្មីមានរហូតដល់៦៣ភាគរយ ខណៈតួលេខនេះខ្ពស់ជាងឆ្ងាយ បើធៀបនឹងបណ្តាប្រទេសជឿនលឿនដូចជា សហរដ្ឋអាម៉េរិក អង់គ្លេស និងជប៉ុន ដោយសារតែអ្នកជំងឺនៅវៀតណាម ភាគច្រើនទើបតែមកពិនិត្យឃើញ នៅពេលដែលដុំសាច់ បានរាលដាលធ្ងន់ធ្ងរទៅហើយ។ របាយការណ៍បានបង្ហាញទៀតថា បុរសវៀតណាមភាគច្រើនកើតជំងឺមហារីកសួត ពោះវៀនធំ និងថ្លើម ខណៈដែលស្ត្រីភាគច្រើនកើតជំងឺមហារីកសុដន់ និងក្រពេញទីរ៉ូអ៊ីត។ ក្នុងនោះ មហារីកសុដន់ គឺជាជំងឺដែលរកឃើញច្រើនជាងគេបំផុត បន្ទាប់មកគឺមហារីកសួត។ ទោះជាយ៉ាងណា មហារីកសួតនៅតែជា «ឃាតកដៃឆៅលេខ១» ដែលសម្លាប់មនុស្សច្រើនជាងគេបំផុត។

បន្ថែមពីនេះ ការចំណាយលើការព្យាបាលជំងឺមហារីកនៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជន ដោយអ្នកជំងឺមហារីកសួតម្នាក់អាចចំណាយរហូតដល់ប្រហែល៦៥០០ដុល្លារក្នុងមួយឆ្នាំ។ មន្ត្រីសុខាភិបាលវៀតណាម បានគូសបញ្ជាក់ថា ប្រមាណ៤០ភាគរយនៃជំងឺមហារីក គឺអាចការពារបាន តាមរយៈការកាត់បន្ថយបារី គ្រឿងស្រវឹង ការធាត់ជ្រុល និងការចាក់វ៉ាក់សាំងការពារវីរុសថ្លើម B, C និង HPV។ ជាមួយគ្នា រដ្ឋាភិបាលវៀតណាម បានប្តេជ្ញាផ្តល់ការពិនិត្យ និងស្កែនសុខភាពដោយឥតគិតថ្លៃយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ជូនពលរដ្ឋគ្រប់រូប ដើម្បីជំរុញការស្វែងរកជំងឺឱ្យបានទាន់ពេលវេលា៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត