មេដឹកនាំកំពូលវៀតណាម ត្រៀមហោះទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី និងនូវែលហ្សេឡង់ នាសប្តាហ៍ក្រោយ
ហៀប ស៊ីថេត
9 ម៉ោងមុន

រដ្ឋធានីហាណូយ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាម​ នៅថ្ងៃទី៦ ខែសីហានេះ មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នាសប្តាហ៍ក្រោយ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោក តូ ឡឹម 
លោក តូ ឡឹម 

មន្ត្រីរដ្ឋាភិបាល បញ្ជាក់ថា លោក តូ ឡឹម នឹងធ្វើដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ពីកាលវិភាគលម្អិតសម្រាប់ប្រទេសនីមួយៗនោះឡើយ។ ចាប់តាំងពីបានឡើងកាន់តំណែងជាអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម ជាលើកដំបូង ក្នុងឆ្នាំ២០២៤ លោក តូ ឡឹម បានទៅបំពេញទស្សនកិច្ចការទូតអន្តរជាតិយ៉ាងសស្រាក់សស្រាំ។ សូមរំឭកថា វៀតណាម បានដំឡើងកម្រិតទំនាក់ទំនងជាមួយអូស្ត្រាលីទៅជាកម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ ដោយស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាកាសធាតុ បរិស្ថាន ថាមពល ការពារជាតិ សន្តិសុខ ទំនាក់ទំនងសេដ្ឋកិច្ច និងការអប់រំ។ សក្តានុពលរ៉ែដ៏ធំធេងរបស់វៀតណាម ក៏បានធ្វើឱ្យប្រទេសនេះ ក្លាយជាដៃគូដ៏ទាក់ទាញមួយសម្រាប់អូស្ត្រាលី។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក តូ ឡឹម វៀតណាម និងអូស្ត្រាលី ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១២ ទៅ១៦ ដែលគ្របដណ្ដប់លើវិស័យនានា ដូចជា៖ ការអប់រំ ការផ្លាស់ប្ដូរឌីជីថល កសិកម្ម និងសុខាភិបាល។ ដោយឡែក នៅក្នុងប្រទេសនូវែលហ្សេឡង់ មន្ត្រីនានារំពឹងថា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ទៅ៦ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងផែនការខាងលើ។ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក គ្រីស្តូហ្វឺ លូសុន (Christopher Luxon) បានថ្លែងក្នុងសេចក្តីប្រកាសមួយថា ប្រទេសទាំង២ មានគោលបំណងពង្រឹងទំនាក់ទំនងលើវិស័យស្បៀងអាហារ និងកសិផល ការអប់រំ ទេសចរណ៍ បច្ចេកវិទ្យា អាកាសចរណ៍ និងការវិនិយោគ ដែលជួយទ្រទ្រង់ការនាំចេញ និងការងារបន្ថែមទៀតនៅក្នុងប្រទេស៕

 លោក តូ ឡឹម (To Lam) នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី និងនូសេឡង់នាសប្តាហ៍ក្រោយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត