
កីឡាអន្តរជាតិ៖ ក្រុមប៉ារីសសេនជើមេន (PSG) បានក្លាយជាម្ចាស់ពានយូហ្វ៉ាស៊ូភើខាប់ (UEFA Super Cup) ជាលើកទី២ជាប់ៗគ្នា កាលពីយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣សីហា ឆ្នាំ២០២៦ ក្រោយពីបានយកឈ្នះលើក្រុមអាស្តុនវីឡា (Aston Villa) យ៉ាងតឹងតែងក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានរ៉េតប៊ូលអារ៉េណា (Red Bull Arena) នាទីក្រុងសាលប៊ឺឃ (Salzburg) ប្រទេសអូទ្រីស…។

គ្រាប់បាល់ជ័យជម្នះរបស់ PSG រកបានដោយកីឡាករ ដេសឺរ៉េ ឌូអេ (Désiré Doué) នៅនាទី៦២ បន្ទាប់ពីចៅក្រមវីដេអូជំនួយការ (VAR) បានពិនិត្យ និងបញ្ជាក់ថា គ្មានការប្រព្រឹត្តកំហុសបាល់ពិន័យ Offside នោះឡើយ។ មុនឈានដល់គ្រាប់បាល់ជ័យជម្នះនេះ PSG បានបើកការនាំមុខមុននៅនាទី២០ ដោយការស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ពីសំណាក់ខ្សែប្រយុទ្ធ ឃ្វីឆា ខ្វារ៉ាតស្ខេលីយ៉ា (Khvicha Kvaratskhelia)។

យ៉ាងណា អាស្តូនវីឡា (Aston Villa) បានតាមស្មើវិញនៅនាទី៤៥ ចុងវគ្គទីមួយ ដោយការស៊ុតបាល់បញ្ចូលទីយ៉ាងស្អាត ពីកីឡាករវ័យក្មេង ប្រាយអិន មេដជូ (Brian Madjo) តាមរយៈការលើកបាល់យ៉ាងច្បាស់ពីប្រធានក្រុម ចន ម័គហ្គីន (John McGinn)។ ការរកគ្រាប់បាល់របស់ ប្រាយអិន មេដជូ ខ្សែប្រយុទ្ធឆ្នើមវ័យ១៧ឆ្នាំរូបនេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលរកបានគ្រាប់បាល់ក្នុងពានរង្វាន់ UEFA Super Cup តាមរយៈការបង្ហាញខ្លួនលើកដំបូងរបស់គេ។

គួរបញ្ជាក់ថា ជ័យជម្នះនេះ បានធ្វើឱ្យ PSG ក្លាយជាក្លិបទី៣ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ UEFA Super Cup បន្ទាប់ពីក្រុមអេស៊ី មីលេន (AC Milan) និង រៀលម៉ាឌ្រីដ (Real Madrid) ដែលអាចការពារតំណែងជើងឯក UEFA Super Cup បានសម្រេច២ដងជាប់ៗគ្នា។ បន្ទាប់ពីជ័យជម្នះនេះ PSG នឹងត្រូវត្រៀមខ្លួនការពារជើងឯកពានរង្វាន់ ហ្រ្វេនស៍ស៊ូភើខាប់ (French Super Cup) ដោយត្រូវប្រកួតទល់នឹងក្រុមលេនស៍ (Lens) នាថ្ងៃអាទិត្យខាងមុខ៕





