
បាល់ទាត់៖ ក្រុមព្រះខ័នរាជស្វាយរៀងកំពុងសំលៀងដាវរួចជាស្រេច ដើម្បីស្វាគមន៍បើកឆាកប្រយុទ្ធលើសមរភូមិវាលស្មៅជាមួយក្រុមគោលឿនស្បែកស្វិត Madua United ឆ្លងដែនមកពីប្រទេសឥណ្ឌូណេស៊ី ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2024/2025 នាថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧:០០នាទីយប់។

ក្នុងជំនួបវគ្គ៤ ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអាស៊ីកម្រិតទី៣ AFC Challenge League 2024/2025 គឺជាការប្រកួតដ៏សំខាន់សម្រាប់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកម្ពុជា។ ក្នុងជំនួបនេះ ស្វាយរៀងត្រូវបើកឆាកប្រយុទ្ធជាមួយក្រុម Madua United ឆ្លងដែនមកពីប្រទេសឥណ្ឌូណេស៊ី ខណៈព្រះខ័នរាជស្វាយរៀងកម្ពុជាបានឆែបម្ដងរួចមកហើយ ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមគោលឿនឥណ្ឌូណេស៊ី កាលពីវគ្គចែកពូលកំលុងចុងឆ្នាំ២០២៤ ក្នុងលទ្ធផល២ទល់នឹង១។ ដូច្នេះយ៉ាងណាក៏ដោយ ក្នុងជំនួបនេះ ក្រុមព្រះខ័នរាជស្វាយរៀងត្រូវតែចាក់ទម្លុះស្បែកដ៏ស្វិតរបស់ក្រុមគោលឿន Madua United នេះឱ្យបាន ព្រោះវាពិតជាមិនងាយទេសម្រាប់ជំនួបជើងទីពីរនៅដីក្រុម Madua United នោះ។

ទោះជាយ៉ាងណា យើងចាំអ៊ុតមើលទាំងអស់គ្នាថា តើក្រុមព្រះខ័នរាជស្វាយរៀងអាចទម្លុះស្បែកគោសងសឹកក្រុម Madura United និងក្តាប់ឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របានដែរឬទេ...? គួរជម្រាបត្រួសៗថា បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀងស្ថិតនៅកំពូលតារាងនៃពានរង្វាន់ Cambodian Premier League ខណៈក្រុម Madura United ស្ថិតនៅចំណាត់ថ្នាក់ទី១៤ នៃពានរង្វាន់ Liga 1 ជាពានរង្វាន់លំដាប់ទី១ នៅឥណ្ឌូណេស៊ី។ ជាមួយគ្នា អ្នកគាំទ្របាល់ទាត់កម្ពុជា ក៏ដូចជាអ្នកគាំទ្រក្លឹបព្រះខ័នរាជស្វាយរៀង បានដាក់ជំនឿជឿជាក់ខ្លាំងលើព្រះខ័នដ៏មុតស្រួចរបស់ក្រុមកម្ពុជាមួយនេះ ដ្បិតថាក្រុមMadura Unitedធ្លាប់ធ្វើឱ្យព្រះខ័នរបស់ក្រុមស្វាយរៀងឆែបមុខ២កន្លែង ប៉ុន្តែតាមទម្រង់លេងបច្ចុប្បន្ន ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំងតែមួយគត់របស់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមដែលមានភារកិច្ចក្នុងជំនួបនៃវគ្គ៤ក្រុមចុងក្រោយ ក្នុងពានរង្វាន់ AFC Challenge League 2024/2025 រួមមាន៖ ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា, ក្រុម Madura United របស់ឥណ្ឌូណេស៊ី, ក្រុម FC Arkadag របស់ប្រទេសតួកមេនីស្ថាន, និងក្រុម Al-Arabi SC របស់ប្រទេសគុយវ៉ែត។ តស់...ទស្សន៍ទាយលេងទាំងអស់គ្នាមើលថា ក្នុងចំណោមក្រុមទាំង៤នេះ តើក្រុមណាមួយ នឹងក្លាយជាជើងឯកលើទីលានវាលស្មៅនៃពានរង្វាន់ AFC Challenge League 2024/2025?...៕







