
បាល់ទាត់៖ សមរភូមិចម្បាំងវាលស្មៅពណ៌បៃតងខ្ចីនៃពានរង្វាន់ Mitsubishi Electric Cup 2024 រយៈពេលជាង២ខែ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ក្រោយក្រុមជម្រើសជាតិវៀតណាមកាច់បំបាក់ភ្លុកដំរីសឹកថៃដល់ផ្ទះ ខណៈនាមជាស្ដេចត្រាញ់គ្រងជើងឯកពានរង្វាន់អាស៊ាន បានត្រឹមសម្លក់សម្លឹងមើលនាគរាជវៀតណាមលើកពានទាំងទឹកនេត្រា ទន្ទឹមនឹងអ្នកគាំទ្ររាប់លាននាក់ដង្ហែក្បួនព្យុហយាត្រាតាមដងផ្លូវផ្អើលប្រទេស ដើម្បីអបអរសាទរជ័យជម្នះដ៏ត្រជះត្រចង់មួយនេះ។

តើ Mitsubishi Electric Cup ជាអ្វី..? ហើយតើប្រទេសណាខ្លះធ្លាប់លើកពានថ្នាក់តំបន់មួយនេះ..? ជាការពិតណាស់ ASEAN Mitsubishi Electric Cup គឺជាការប្រកួតជើងឯកតំបន់អាស៊ាន ដែលពីមុនមានឈ្មោះថា ពានរង្វាន់ AFF Championship ដែលជាទូទៅប្រារព្ធឡើងរៀងរាល់២ឆ្នាំម្ដង។ គួរជម្រាបថា ការប្រកួតជើងឯក Mitsubishi Electric Cup 2024នេះ គឺជាលើកទី១៥ហើយនៃពានរង្វាន់ថ្នាក់តំបន់មួយ។

គេនៅចាំបានថា ក្រុមនាគចម្បាំងវៀតណាម និងដឹរីសឹកថៃ បានសម្ញែងមហិទ្ធិឫទ្ធិដាក់គ្នាទៅវិញទៅមកគួរជាទីជក់ចិត្ត ខណៈអ្នកគាំទ្រទូទាំងតំបន់ចាត់ទុកជំនួបប៉ះគ្នានេះ ជា El Classico អាស៊ាន។ យ៉ាងណា បន្ទាប់ពីធ្វើព្យុះធ្វើភ្លៀងជាង១០០នាទី វៀតណាមបានក្លាយជាម្ចាស់ជើងឯកជាលើកទី៣របស់ខ្លួន ក្រោយបំបាក់ភ្លុកដំរីថៃ ដែលជាក្រុមការពារដំណែងជើងឯកដល់ផ្ទះ កាលពីរាត្រីថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២៥ ខណៈក្រុមជម្រើសដំរីសឹកថៃដើរអូសប្រមោយ ចោលភ្នែកសម្លឹងមើលវៀតណាមលើកពានភ្ជាប់ដោយសម្រក់ទឹកនេត្រាហូរកាត់ផែនថ្ពាល់។ សូមជម្រាបថា ក្រោយវៀតណាមឈ្នះពានរង្វាន់ ASEAN Cup ជាលើកទីបីរបស់ខ្លួន អ្នកគាំទ្ររាប់លាននាក់នៅទូទាំងប្រទេស បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវដោយលើកទង់ជាតិ ជិះគ្រែស្នែង ទូងស្គរ និងស្រែកអបអរសាទរយ៉ាងឱឡារឹក ជុំវិញជ័យជម្នះដ៏ត្រជះត្រចង់មួយនេះ។

គួរបញ្ជាក់ថា ក្រុមដំរីសឹកថៃ គឺជាស្ដេចត្រាញ់នៃពានរង្វាន់ ASEAN Cup ដោយជាម្ចាស់ជើងឯក ៧សម័យកាល(១៩៩៦, ២០០០, ២០២២, ២០១៤, ២០១៦, ២០២០, ២០២២) ខណៈសិង្ហបុរីជាម្ចាស់ជើងឯក៤សម័យកាល( ១៩៩៨, ២០០៤, ២០០៧, ២០១២) ហើយម៉ាឡេស៊ី ក៏ធ្លាប់ភ្លក្សរសជាតិម្ចាស់ជើងឯក១សម័យកាលម្ដងផងដែរ កាលពីឆ្នាំ(២០១០)។ គួរបញ្ជាក់ថា ក្រោយក្លាយជាម្ចាស់ជើងឯកថ្មីថ្មោង វៀតណាមបានបន្ថែមកំណត់ត្រាថ្មីរបស់ខ្លួនមួយលេខទៀត ក្នុងនាមជាម្ចាស់ជើងឯក៣សម័យកាល (២០០៨, ២០១៨, ២០២៤)៕








