
ក្រុងសំពៅពូន៖ អាជ្ញាធរក្រុងសំពៅពូន ឆ្មក់បង្ក្រាបជនបរទេសប្រុសស្រីចំនួន៦៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពឆបោកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) និងគេហទំព័រផ្សេងៗ...។

ផ្អែកតាមរបាយការណ៍ពីរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ បានចុះធ្វើការត្រួតពិនិត្យអគារជួល SSLN ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន៦៨នាក់ (ស្រី ១៤នាក់) ក្នុងនោះ៖ ជនបរទេស៦៧នាក់ (ស្រី១៣នាក់) ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារមួយចំនួន។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងដកហូតសម្ភាររួចមក ក្រុមការងារត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិច បានរកឃើញពីសញ្ញានៃសកម្មភាព Online Scams តាមគេហទំព័រចំនួន៦ ដែលបានចាប់ផ្ដើមដំណើរការតាំងពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៦ ដោយប្រើប្រាស់តេឡេក្រាម និង WhatsApp ជាមធ្យោបាយទំនាក់ទំនង និងផ្សព្វផ្សាយ។ បច្ចុប្បន្ន មនុស្សទាំង៦៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។ ចំពោះទីតាំងអគារជួល SSLN បានធ្វើការបិទសៀលតាមការកំណត់ដោយច្បាប់ផងដែរ៕






