អ្នកនាំពាក្យបរិស្ថាន អំពាវនាវឱ្យអ្នកផលិតមាតិកាចូលរួមផ្សាយពីការអភិរក្សសត្វកម្រ​ ជាជាងជំរុញឱ្យពលរដ្ឋបរិភោគ
S
Soriya Sou
6 ម៉ោងមុន


រាជធានីភ្នំពេញ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់សាធារណជន ជាពិសេស អ្នកផលិតមាតិកា ចូលរួមជួយផ្សព្វផ្សាយពីការការ​​​ពារ និងអភិរក្សសត្វកម្រលើពិភពលោក ដូចជា សត្វចាបព្រៃវែង ជាជាងផ្សាយជំរុញឱ្យពលរដ្ឋបរិភោគសត្វកម្រទាំងនេះ…។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បន្ទាប់ពីថ្មីៗនេះ មានគណនីទីកតុកឈ្មោះ Virak បានបង្ហោះវីដេអូឃ្លីបមួយ និយាយពីសត្វចាបព្រៃវែង ដែលក្រសួងចាត់ទុកថា ការផ្សាយរបស់ម្ចាស់គណនីខាងលើ មិនបានចូលរួមផ្តល់ចំណេះដឹង និងព័ត៌មានដែលមានប្រយោជន៍ដល់សង្គមនោះទេ។ លោក ខ្វៃ អាទិត្យា គូសបញ្ជាក់ថា អ្នកផលិតមាតិកា គួរតែផ្សព្វផ្សាយអំពីតម្លៃនៃការអភិរក្ស ហើយបដិសេធជំនឿខុសឆ្គង លើការបរិភោគសត្វព្រៃ និងគួរលើកទឹកចិត្តពលរដ្ឋឱ្យឈប់ទិញ និងឈប់ហូបសត្វព្រៃ។ អ្នកនាំពាក្យរូបនេះ បានអំពាវនាវឱ្យអ្នកផលិតមាតិកា មានចំណេះដឹង សូមចូលរួមផ្សព្វផ្សាយអប់រំ ពីការការពារប្រភេទសត្វកម្រលើពិភពលោក ដែលមានវត្តមាននៅកម្ពុជា ដូចជា សត្វចាបព្រៃវែង ជាជាងជំរុញលើកទឹកចិត្តសាធារណជនឱ្យបរិភោគ និងចាប់សត្វនេះ។

សូមជម្រាបថា សត្វចាបព្រៃវែង ឬចាបទ្រូងលឿង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាសត្វជិតផុតពូជបំផុតនៅលើពិភពលោក។ បច្ចុប្បន្ន សត្វចាបព្រៃវែង រាប់ពាន់ក្បាល នៅតែបន្តវិលត្រឡប់មករកចំណី និងស្នាក់ក្នុងតំបន់ការពារធម្មជាតិ (តំបន់ដីសើម) ក្នុងប្រទេសកម្ពុជា។ កន្លងមក មន្ត្រីជំនាញតែងតែអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ជំរុញឱ្យមានការជួញដូរ និងបរិភោគសត្វព្រៃ ព្រោះវាគ្មានអត្ថប្រយោជន៍អ្វីដល់សុខភាពទេ ផ្ទុយទៅវិញ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ព្រមទាំងធ្វើឱ្យបាត់បង់សត្វព្រៃកម្រផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត