
ក្រុងស្ទឹងត្រែង៖ បើកទីផ្សារថ្មី ក្រុមហ៊ុនមានបទពិសោធក្នុងការកែច្នៃ ផ្គត់ផ្គង់ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ Whitworths បានសហការជាមួយសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (HCST) លើកកម្ពស់ស្ដង់ដារផលិតកម្ម និងបច្ចេកទេសកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់រាជាណាចក្ររួមព្រីតថេន (អតីតចក្រភពអង់គ្លេស)...។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងដំណើរការកែច្នៃរបស់ក្រុមហ៊ុន នៅខេត្តស្ទឹងត្រែងដោយផ្ទាល់ ដើម្បីជំរុញឱ្យខ្សែច្រវាក់នាំចេញនេះ ប្រព្រឹត្តទៅដោយរលូន។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការនាំចេញនេះ កើតឡើងតាមរយៈក្រុមការងារជំរុញការនាំចេញ (EPTF) របស់ក្រសួង ដើម្បីភ្ជាប់សហគ្រាសក្នុងស្រុកជាមួយអ្នកទិញអន្តរជាតិ និងជំរុញការនាំចេញផលិតផលកសិកម្មកែច្នៃ ដែលមានតម្លៃបន្ថែមខ្ពស់។ ដំណើរការឈានទៅរកការនាំចេញនេះ ទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីរដ្ឋាភិបាលអង់គ្លេស តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងកម្មវិធី UKTP ព្រមទាំងការគាំទ្រពីសហភាពអឺរ៉ុប និងអាល្លឺម៉ង់ តាមរយៈគម្រោង Export Lab-EU German GATE។

កិច្ចសហការនេះ បានចាប់ផ្តើមចរចាតាំងពីខែតុលា ឆ្នាំ២០២៤ រវាងក្រុមការងារក្រសួងជាមួយក្រុមហ៊ុនជាបន្តបន្ទាប់ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ទើបឈានដល់ការសម្រេចការបញ្ជាទិញជាស្ថាពរ។ ក្រសួងពាណិជ្ជកម្ម ចាត់ទុកសមិទ្ធផលនេះ ជាសញ្ញាវិជ្ជមានសម្រាប់វិស័យស្វាយចន្ទីកម្ពុជា ក្នុងការបង្កើនការនាំចេញផលិតផលកែច្នៃ និងពង្រីកទីផ្សារទៅកាន់ប្រទេសដែលមានស្ដង់ដារខ្ពស់។ ទន្ទឹមគ្នា ក្រសួងបញ្ជាក់ថា នឹងបន្តសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាឱ្យការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ចក្រភពអង់គ្លេស និងទីផ្សារអន្តរជាតិផ្សេងទៀត មានភាពរលូន ស្ថិរភាព និងចីរភាពក្នុងរយៈពេលវែង៕









