
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបើកប្រតិបត្តិការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបុគ្គលទាំងហ្លាយណាដែលបានលួចថតចម្លង និងបង្ហោះប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចូលទៅក្នុងបណ្តាញសង្គម...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែសីហានេះ បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០២៦ ប្រព្រឹត្តទៅប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ក្រសួងហាមឃាត់ដាច់ខាតនូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ នូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និងសន្លឹកស្រង់ពិន្ទុ (MCS) ក្នុងកំលុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង។

ជាមួយគ្នា ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា ការបង្ហោះ ឬផ្សព្វផ្សាយឯកសារដូចមានចែងខាងលើ ទោះជាធ្វើឡើងក្នុងលក្ខណៈផ្លូវការ ឬមិនផ្លូវការ តាមបណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយណាមួយ ក៏ត្រូវបានចាត់ទុកថា ជាអំពើហាមឃាត់ បុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និង បទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ។ សូមជម្រាបថា អំឡុងពេលកំពុងប្រលង មន្ត្រីជំនាញបានធ្វើការដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ចំនួន១២ករណី ក្នុងនោះ ៥ករណីបង្កឡើងដោយបេក្ខជន និងគណៈកម្មការចំនួន៧ករណី។ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការចំពោះករណីទាំងនេះ តាមគោលការណ៍ជាធរមាន៕



