
អត្ថបទ៖ ណុប ស៊ីនួន
រាជធានីបាងកក៖ លោកនាយករដ្ឋមន្រ្ដីថៃ និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ អានុទីន ឆានវីរគុល (อนุทิน ชาญวีรกูล) កាលពីថ្ងៃពុធទី១២ ខែសីហា បានបញ្ជាក់ថា ក្រុមអ្នកនយោបាយ មិនគួរយកអាវុធតាមខ្លួនឡើយ ដោយសង្កត់ធ្ងន់ថា បុគ្គលសាធារណៈ ត្រូវតែធ្វើជាគំរូ តាមរយៈការគោរពច្បាប់។ នេះបើតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់កាសែតថៃខាវសដ...។

លោកនាយករដ្ឋមន្រ្ដីថៃ ដែលប្រជុំដោយរឿងអាស្រូវរូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃពុធទី១២សីហាថា៖«នេះមិនមែនគ្រាន់តែជាបទបញ្ជា ទៅកាន់សមាជិកសភានោះទេ តែនៅពេលនេះ គ្មាននរណាម្នាក់អាចដាក់អាវុធតាមខ្លួនបានឡើយ ដោយសារតែប័ណ្ណអនុញ្ញាតឱ្យយកអាវុធតាមខ្លួន លែងមានសុពលភាព នៅក្នុងប្រទេសថៃទៀតហើយ»។ លោកថា ប័ណ្ណអនុញ្ញាតទាំងអស់ បានផុតសុពលភាពអស់ហើយ ដូច្នេះ ពួកគេមិនអាចយកអាវុធតាមខ្លួនបានឡើយ។ ការកាន់កាប់អាវុធ គឺជាបញ្ហាដាច់ដោយឡែកមួយ ប៉ុន្តែវាត្រូវមានការប្រកាសនៅក្នុងរបាយការណ៍ទ្រព្យសម្បត្តិរបស់ពួកគេ។

ទោះជាយ៉ាងណា ទំនងជាក្រពុលមុខខ្លាំង លោកនាយករដ្ឋមន្រ្ដីរូបនេះ បានប្រើពាក្យសម្តីធ្ងន់ៗថា ក្រុមអ្នកនយោបាយ និងបុគ្គលណា ដែលកំពុងស្វែងរកតំណែងជាប់ឆ្នោត ឬតំណែងនយោបាយ ត្រូវមានការប្រុងប្រយ័ត្នជាពិសេស។ ប្រសិនបើមានការរកឃើញអាវុធ នៅក្នុងអំឡុងពេលត្រួតពិនិត្យ ហើយអាវុធទាំងនោះត្រូវបានកាន់កាប់ដោយខុសច្បាប់ នោះជាការបំពានលើច្បាប់រដ្ឋហើយ។ នៅពេលដែលច្បាប់ ត្រូវបានរំលោភបំពាន វាអាចត្រូវបានគេចាត់ទុកថា ជាបញ្ហាទាក់ទងនឹងក្រមសីលធម៌។ លោកនាយករដ្ឋមន្រ្ដីបន្តព្រមានថា ករណីបែបនេះ អាចជះឥទ្ធិពលដល់អនាគតរបស់អ្នកនយោបាយ រួមទាំងសិទ្ធិនៅក្នុងការឈរឈ្មោះ សម្រាប់ការបោះឆ្នោត ឬការកាន់តំណែងនយោបាយ ដោយអាស្រ័យលើរបៀបដែលបញ្ហានេះ ត្រូវបកស្រាយក្រោមវិធានការនៃក្រមសីលធម៌។

ក្នុងនាមជាបុគ្គលសាធារណៈ យើងត្រូវធ្វើជាគំរូល្អដល់អ្នកដទៃ។ នៅពេលច្បាប់ចែង ថា ហាមឃាត់ការយកអាវុធតាមខ្លួន អ្នកដែលតំណាងឱ្យប្រជាជនថៃ និងត្រូវជ្រើសរើស ដោយសាធារណជន ត្រូវតែធ្វើជាគំរូ។ វាមិនមានអ្វីស្មុគស្មាញទេ យើងគ្រាន់តែអនុវត្តតាមច្បាប់តែប៉ុណ្ណោះ។ សូមជម្រាបថា មួយរយៈចុងក្រោយនេះ ប្រទេសថៃពើបប្រទះនឹងរឿងអាស្រូវបាញ់សម្លាប់មនុស្សឆៅៗនៅកណ្តាលរាជធានី និងតាមទីប្រជុំជនមួយចំនួន ក្នុងនោះអំពើឃាតកម្មលើជនបរទេសក៏ផ្ទុះកក្រើកខ្លាំងដែរ ជាពិសេសការប្លន់សម្លាប់លើបងប្អូនប្រុសស្រីជនជាតិរុស្ស៊ី ដែលបានធ្វើដំណើរទៅប្រទេសថៃ គឺជារឿងដ៏រំជើបរំជួលបំផុតនៅលើទំព័រកាសែតបរទេសល្បីៗទូទាំងសកលលោក៕



