កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីក រំលងក្បាលជប៉ុនទាំងព្រឹក


រាជធានីតូក្យូ៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន អះអាងថា កូរ៉េខាងជើង នៅព្រឹក ថ្ងៃពុធទី១២សីហានេះ បានបាញ់មីស៊ីលបាលីស្ទីកយ៉ាងតិចមួយគ្រាប់ ដែលត្រូវបានគេជឿថា ធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន...។

សារព័ត៌មានគ្យូដូ (Kyodo News) ចេញផ្សាយព័ត៌មាននេះ នៅថ្ងៃពុធទី១២ ខែសីហា ដោយគូសបញ្ជាក់ថា ក្រសួងការពារជាតិជប៉ុន កត់សម្គាល់ឃើញមីស៊ីលនោះ បានត្រូវគេបាញ់នៅវេលាម៉ោង៥ៈ៥៩នាទីព្រឹក បាញ់ចេញពីឆ្នេរសមុទ្ទភាគខាងកើតរបស់ប្រទេស ហើយវាបានធ្លាក់នៅក្នុងចម្ងាយប្រហែល៦៩០គីឡូម៉ែត្រ ជាមួយកម្ពស់ជាអតិបរមាប្រហែល៩០គីឡូម៉ែត្រ។ ប៉ុន្ដែការបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងនេះ មិនត្រូវបានគេរាយការណ៍ អំពីការខូចខាត ឬរងរបួសដល់មនុស្សនោះឡើយ។ ស្របពេលជាមួយគ្នានេះ ជប៉ុន សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បាននិងកំពុងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៅក្នុងការវិភាគព័ត៌មានលម្អិត ជុំវិញករណីខាងលើ។

លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន   
លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន   

លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន បានណែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅក្នុងការប្រមូល និងវិភាគព័ត៌មាន ដោយត្រូវផ្តល់ព័ត៌មានថ្មីៗដ៏ត្រឹមត្រូវដល់សាធារណជន និងធានាសុវត្ថិភាព សម្រាប់យន្តហោះ និងនាវា។ ជាមួយនឹងការថ្កោលទោស ចំពោះការបាញ់មីស៊ីលបាលីស្ទីករំលងក្បាលជប៉ុននេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ប្រទេសជប៉ុន បានដាក់ការតវ៉ាយ៉ាងខ្លាំងក្លា ទៅកាន់រដ្ឋាភិបាលរដ្ឋធានីព្យុងយ៉ាង។ លោកបានសង្កត់ធ្ងន់ថា៖«ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយសកម្មភាពរបស់រដ្ឋធានីព្យុងយ៉ាង បង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន ក្នុងតំបន់ និងសហគមន៍អន្តរជាតិ»

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi)   
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi)   

ជុំវិញការបាញ់មីស៊ីលរបស់របបមេដឹកនាំផ្តាច់ការកូរ៉េខាងជើង កើតឡើងចំពេលយោធាសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ត្រៀមខ្លួនធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំមួយដែលមានឈ្មោះថា «ខែលសេរីភាពអ៊ុលឈិ» នាចុងខែសីហាខាងមុខ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត