កម្ពស់ទឹកទន្លេមេគង្គនៅថៃហក់ឡើងដល់១២ម៉ែត្រ បង្កជាជំនន់លិចស្រែចម្ការជាង២ម៉ឺនរ៉ៃ
N
Nary Vann
4 ម៉ោងមុន

រាជធានីបាងកក៖ អាជ្ញាធរខេត្តនគរភ្នំ (นครพนม) បានប្រកាសអាសន្ន បន្ទាប់ពីកម្រិតទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុគ ដល់ចំណុចកម្ពស់ប្រកាសអាសន្ន១២ម៉ែត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់វាលទំនាប តាមបណ្តោយព្រំដែន និងបង្កឱ្យមានជំនន់ជន់លិចលង់ផ្ទះសម្បែង និងដីកសិកម្មអស់ជាង២ម៉ឺនរ៉ៃ...។

​ការកើនឡើងយ៉ាងខ្លាំងនៃកម្ពស់ទឹកទន្លេមេគង្គក្នុងប្រទេសថៃ បានធ្វើឱ្យដៃស្ទឹងសំខាន់ៗចំនួន២ មិនអាចរំដោះទឹកចូលទៅក្នុងទន្លេផ្សេងទៀតបាន ថែមទាំងបង្កឱ្យមានបាតុភូតទឹកហូរច្រាសមកវិញ។ ទឹកស្ទឹងទាំងនោះ បានហក់ឡើងលើសសមត្ថភាពផ្ទុក៦០ភាគរយ និងខ្ពស់ជាងមាត់ច្រាំងប្រមាណ៤ម៉ែត្រ ដែលបានធ្វើឱ្យទឹកជំនន់ធ្លាក់ចូលទៅក្នុងស្រែចម្ការរបស់ប្រជាកសិករជាច្រើន។ ការស្ទង់មតិបឋមបង្ហាញថា ស្រែប្រាំង និងដីកសិកម្មជាង២ម៉ឺនរ៉ៃ ត្រូវបានជន់លិច ក្នុងនោះមានស្រុកសិរីសង្គ្រាម (ศรีสงคราม) និងស្រុកណាវ៉ា(นาวา) ទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ។

​បន្ថែមពីលើផលប៉ះពាល់លើផ្នែកកសិកម្ម ផ្ទះសម្បែងជាង២០ខ្នងនៅក្នុងតំបន់ភូមិប៉ាក់អ៊ុន (บ้านปากอูน) នៃសាលាក្រុងសិរីសង្គ្រាម ត្រូវបានទឹកជន់លិច។ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះអន្តរាគមន៍ផ្ទាល់ ដោយបានជួយសម្រួលដល់ការជម្លៀសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងរៀបចំកញ្ចប់ជំនួយជាប្រញាប់ផងដែរ។ ក្រុមអ្នកជំនាញព្រមានថា ប្រសិនបើកម្រិតទឹកទន្លេមេគង្គមិនស្រកចុះវិញក្នុងរយៈពេល១ទៅ២សប្តាហ៍ខាងមុខទេ នោះផលប៉ះពាល់ និងការខូចខាតលើផលដំណាំកសិកម្ម នឹងកាន់តែមានទំហំធំធេងខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត