
រាជធានីបាងកក៖ ក្នុងស្ថានភាពទាល់ច្រកក្រោមគំនាប និងកន្លុះនៃការដំឡើងពន្ធបដិការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ រាជរដ្ឋាភិបាលថៃ បានស្តែងចេញនូវយុទ្ធសាស្ត្រការទូតដ៏ប្រថុយប្រថាន និងក្មេងខ្ចី ដោយបានគំរាមកាត់បន្ថយកិច្ចសហប្រតិបត្តិការយោធា និងសមយុទ្ធពស់វែកមាស (Cobra Gold) ជាថ្នូរនឹងការទទួលបានការអនុគ្រោះពន្ធគយបដិការពីសំណាក់រដ្ឋធានីវ៉ាស៊ីនតោន។ យ៉ាងណា ក្រោយការចុះផ្សាយព្រោងព្រាតពីសំណាក់កាសែតអន្តរជាតិធំៗ ស្រាប់តែរាជរដ្ឋាភិបាលថៃចេញមុខប្រកែកភ្លាមៗ ឡើងញ័រមាត់...។

រាជរដ្ឋាភិបាលថៃ មានបំណងបញ្ចូលជំហរនេះទៅក្នុងសំណើបដិសេធ នៅពេលដែលការចរចាពាណិជ្ជកម្មចាប់ផ្តើមនៅចុងខែនេះ។ មន្ត្រីថៃម្នាក់អះអាងថា ថៃអាចនឹងពិចារណាឡើងវិញ អំពីការចូលរួមរបស់ខ្លួនក្នុងសកម្មភាពយោធារួមគ្នា ប្រសិនបើពន្ធខ្ពស់ពេក។ ការណ៍នេះ អាចបង្កឱ្យថៃខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ថៃ ស្ថិតនៅក្នុងចំណោមប្រទេសជាច្រើន ដែលកំពុងស្វែងរកលក្ខខណ្ឌពាណិជ្ជកម្មល្អជាងមុន បន្ទាប់ពីរដ្ឋធានីវ៉ាស៊ីនតោនកំណត់ពន្ធ១២,៥ភាគរយលើការនាំចេញភាគច្រើន ក្រោមមាត្រា ៣០១ ដែលជាច្បាប់ពាណិជ្ជកម្មអាម៉េរិក ប្រើដើម្បីដោះស្រាយអ្វីដែលខ្លួនចាត់ទុកថា ជាការអនុវត្តពាណិជ្ជកម្មមិនស្មោះត្រង់។

នៅពេលដែលរដ្ឋបាល ត្រាំ ពង្រីកការស៊ើបអង្កេតលើសមត្ថភាពផលិតលើសប្រមាណ រាជធានីបាងកក បានលុបចោលពន្ធ និងអនុវត្តតាមស្ដង់ដាររបស់សហរដ្ឋអាម៉េរិកសម្រាប់ការនាំចូលសាច់គោ សាច់ចៀម និងភេសជ្ជៈមានជាតិអាល់កុល។ អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក សុរៈសាន់ គង់សិរិ (สุรสันต์ คงศิริ) ថ្លែងថា៖«ប្រសិនបើមានអ្វីកើតឡើង ការចរចាទំនងជានឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការច្រើនជាង»។ ទន្ទឹមគ្នា អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ មិនបានអត្ថាធិប្បាយនោះទេ។ ចំណែកឯក្រសួងពាណិជ្ជកម្មថៃ និងមន្ទីរបញ្ចកោណ ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ។ ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានច្រានចោលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដែលបានផ្សាយថាខ្លួនមានផែនការប្រើប្រាស់កិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធាជាមួយសហរដ្ឋអាម៉េរិក ធ្វើជាឧបករណ៍តវ៉ាក្នុងការចរចាពាណិជ្ជកម្ម ដោយអះអាងថា ការលើកឡើងនោះមិនមែនជាការពិត និងមិនបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ។

លោកស្រី រជ្ឆដា ថៈណាតិរេក (รัชดา ธนาดิเรก) អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលថៃ នឹងពិចារណាយ៉ាងម៉ត់ចត់លើសំណើផ្សេងៗ ជាពិសេស ផលប៉ះពាល់លើកសិករ ពាណិជ្ជករ វិស័យផលិតកម្ម និងប្រជាជនថៃ។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា៖«ថៃ និងសហរដ្ឋអាម៉េរិក មានទំនាក់ទំនងយ៉ាងស៊ីជម្រៅលើច្រើនវិស័យ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ បញ្ហានីមួយៗមានក្របខណ្ឌ និងផលប្រយោជន៍ជាតិរៀងៗខ្លួន ដែលត្រូវតែពិចារណាយ៉ាងប្រុងប្រយ័ត្ន។ រាជរដ្ឋាភិបាល នឹងមិនយកផលប្រយោជន៍នៃវិស័យមួយរបស់ប្រទេស ទៅផ្លាស់ប្ដូរជាមួយវិស័យមួយទៀតនោះឡើយ»។

ការគំរាមដកថយ ឬកាត់បន្ថយការចូលរួមក្នុងសមយុទ្ធពស់វែកមាស ដែលជាសមយុទ្ធយោធាពហុជាតិដ៏ធំបំផុតនៅអាស៊ីដីគោក គឺជាសកម្មភាពមួយដែលមើលរំលងប្រយោជន៍សន្តិសុខផ្ទាល់ខ្លួន ព្រោះថា សម្ព័ន្ធភាពថៃ-អាម៉េរិក គឺជាបង្អែកការពារជាតិដ៏សំខាន់របស់ថៃ ប៉ុន្តែការយកកិច្ចសហប្រតិបត្តិការនេះទៅព្រមានអាម៉េរិក អាចធ្វើឱ្យរដ្ឋធានីវ៉ាស៊ីនតោន មើលឃើញថា ថៃជាសម្ព័ន្ធមិត្តដែលខ្វះភាពស្មោះត្រង់ និងមិនអាចទុកចិត្តបាន។ ជំនួសឱ្យការទទួលបានការបន្ធូរបន្ថយពន្ធ ថៃអាចនឹងត្រូវប្រឈមមុខនឹងការបាត់បង់ទាំងប្រយោជន៍សេដ្ឋកិច្ច និងការធ្លាក់ចុះឥទ្ធិពលយុទ្ធសាស្ត្រយោធាក្នុងតំបន់ បើសិនជាសហរដ្ឋអាម៉េរិកផ្លាស់ប្ដូរការយកចិត្តទុកដាក់ផ្នែកសន្តិសុខទៅកាន់សម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន និងវៀតណាម...៕


