ក្រុមហ៊ុនមួយ បញ្ជាទិញផលិតផលកសិកម្ម​៤មុខជាង៥៣ម៉ឺនតោនពីខេត្តប៉ៃលិន នាំចេញទៅវៀតណាម
S
Sreyleak Yith
31 សីហា 2025 06:00 AM

ក្រុងប៉ៃលិន៖​ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀងចំនួន៥៣ ៤០០០តោន របស់ប្រជាកសិករខេត្តប៉ៃលិន​​ នឹងត្រូវនាំចេញទៅកាន់ប្រទេសវៀតណាម ជំនួសឱ្យទីផ្សារប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...។

បើតាមការបញ្ជាក់ពីមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd ជាអ្នកប្រមូលទិញកសិផលទៅប្រទេសវៀតណាម និងមន្ទីរកសិកម្ម បានចុះទៅមើលទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន៤ទីតាំងនៅក្នុងខេត្តប៉ៃលិន។​

លោកអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុនគ្រោងបញ្ជាទិញគ្រាប់ពោតក្រហម ចំនួន៥សែនតោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ២ពាន់តោន និងគ្រាប់សណ្ដែកសៀងចំនួន ២ពាន់តោន​ក្នុងមួយឆ្នាំ។​ ជាមួយគ្នា លោកបានណែនាំឱ្យមន្ទីរកសិកម្មខេត្តប៉ៃលិន ត្រូវផ្សព្វផ្សាយ និងរៀបចំផែនការអាជីវកម្ម ដើម្បីផលិតតាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដោយមានកិច្ចសន្យាច្បាស់លាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត