
ក្រុងស្ទឹងសែន៖ ក្រោយសម្លឹងឃើញសក្ដានុពល គុណភាពគ្រាប់ស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនរុស្ស៊ីមួយ បានចាប់អារម្មណ៍ចង់បញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ដើម្បីនាំចេញទៅទីផ្សារបរទេស។ ប្រសិនបើជោគជ័យ ក្រុមហ៊ុននឹងឈានទៅបើករោងចក្រកែច្នៃដ៏ទំនើបមួយ នៅខេត្តកំពង់ធំផងដែរ…។

បើតាមការបញ្ជាក់របស់សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦ ក្រោយជំនួបពិភាក្សាការងាររវាងលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងតំណាងក្រុមហ៊ុន Siberian Cedar Eco-Factory, LLC មានមូលដ្ឋាននៅប្រទេសរុស្ស៊ី អំពីកិច្ចសហប្រតិបត្តិការ និងលទ្ធភាពវិនិយោគនៅក្នុងឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា។ លោក អួន ស៊ីឡុត បានឱ្យដឹងថា ក្រុមហ៊ុនខាងលើមានការិយាល័យ និងរោងចក្រនៅទូទាំងអាស៊ីកណ្តាល និងម៉ុងហ្គោលី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃប្រភេទ W180 ពីកម្ពុជា ដែលជាប្រភេទគ្រាប់ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា មានគុណភាពល្អឥតខ្ចោះ និងមានតម្លៃអាហារូបត្ថម្ភខ្ពស់។

តំណាងក្រុមហ៊ុនរុស្ស៊ីអះអាងថា ការស្នើទិញនេះ គឺជាជំហានដំបូងនៃយុទ្ធសាស្ត្រពង្រីកផលិតផលឱ្យមានភាពចម្រុះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសកលដែលកំពុងកើនឡើងសម្រាប់គ្រាប់ធញ្ញជាតិកម្រិតខ្ពស់។ បន្ថែមលើការប្រមូលទិញគ្រាប់ស្វាយចន្ទីកែច្នៃ ក្រុមហ៊ុនរុស្ស៊ីមួយនេះ ក៏បានបង្ហាញផែនការវិនិយោគលើរោងចក្រកែច្នៃដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តោតលើការធ្វើទំនើបកម្មឧបករណ៍ ការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងការពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាព។

យ៉ាងណា ប្រសិនបើដំណាក់កាលដំបូងទទួលបានជោគជ័យ ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការបង្កើតរោងចក្រកែច្នៃដ៏ទំនើបមួយ នៅក្នុងសួនឧស្សាហកម្មស្វាយចន្ទី ក្នុងខេត្តកំពង់ធំ។ ទីតាំងយុទ្ធសាស្ត្រនេះ ត្រូវបានរំពឹងថា នឹងផ្តល់លទ្ធភាពទទួលបានធនធានសំខាន់ៗ ស្របតាមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអនុវត្តប្រកបដោយចីរភាព និងការអភិវឌ្ឍសហគមន៍។ លោក អួន ស៊ីឡុត គូសបញ្ជាក់ថា វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអន្តរជាតិ ខណៈជំនួបជាហូរហែររវាងសមាគមជាមួយបណ្ដាវិនិយោគិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការពង្រឹងការបង្កើតតម្លៃបន្ថែម និងទាក់ទាញការវិនិយោគបរទេសមកក្នុងឧស្សាហកម្មមួយនេះ៕




