កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅជាង១លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២៥
S
Soriya Sou
01 មករា 2026 10:00 AM

រាជធានីភ្នំពេញ៖ រយៈពេល១២ខែនៃឆ្នាំ២០២៥ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណជាង១លានតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។​ នេះបើយោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា នាព្រឹកថ្ងៃទី១មករា ឆ្នាំ២០២៦...។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីឆៅជាង១លាន២ម៉ឺនតោន ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥។ ក្នុងរយៈពេលដូចគ្នា កម្ពុជាក៏បាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណជាង១លាន៧រយតោន ទៅកាន់ទីផ្សារអន្តរជាតិ បង្កើតចំណូលបានប្រមាណ១,៥ពាន់លានដុល្លារ កើនឡើង២៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ការកើនឡើងនេះ វាបានបង្ហាញពីភាពធន់នៃវិស័យស្វាយចន្ទី ទោះបីជាមានការរអាក់រអួលខ្លាំងទាក់ទងនឹងអាកាសធាតុ កាលពីដើមឆ្នាំ២០២៥ក៏ដោយ។ 

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៥ លក្ខខណ្ឌអាកាសធាតុអាក្រក់ បានជះឥទ្ធិពលអវិជ្ជមានដល់ការប្រមូលផល ដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្មព្រមានពីការធ្លាក់ចុះនៃទិន្នផលស្វាយចន្ទី។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅក្នុងខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជា បានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ ហើយលទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព អនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។

អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មបានលើកឡើងថា ការរួមបញ្ចូលគ្នានៃលក្ខខណ្ឌអាកាសធាតុដែលបានប្រសើរឡើង និងការបណ្ដុះបណ្ដាលកសិករ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃវិស័យស្វាយចន្ទីកម្ពុជា ជួយឱ្យវិស័យនេះបន្តរីកចម្រើន ទោះបីជាមានភាពមិនច្បាស់លាស់នៃអាកាសធាតុកើនឡើងក៏ដោយ។ ស្វាយចន្ទីជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣ បន្ទាប់ពីស្រូវ និងដំឡូងមី។ បច្ចុប្បន្ន វិសាលភាពផ្ទៃដីដាំដុះស្វាយចន្ទីមានការកើនឡើងជាលំដាប់ ស្របពេលតម្រូវការទីផ្សារកំពុងមានសន្ទុះ កម្ពុជាបាននឹងកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត