
រាជធានីបាងកក៖ ឆ្លុះបញ្ចាំងពីការបរាជ័យយ៉ាងធ្ងន់ធ្ងរលើការទប់ស្កាត់បទល្មើស និងការគ្រប់គ្រងអាវុធខុសច្បាប់ ដែលកំពុងរាលដាលពេញសង្គមថៃ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរកូល (อนุทิน ชาญวีรกูล) នៅថ្ងៃអង្គារទី១១ ខែសីហានេះ បានប្រកាសព្យួរការចេញលិខិតអនុញ្ញាតទិញអាវុធភ្លាមៗ និងបញ្ជាឱ្យពិនិត្យឡើងវិញ នូវអាជ្ញាបណ្ណចាស់ៗ។ ចំណាត់ការដ៏តក់ក្រហល់នេះ កើតឡើងបន្ទាប់ពីក្មេងទំនើងវ័យទើបតែ១៤ឆ្នាំម្នាក់ បានកាន់កាំភ្លើងដើរបាញ់ប្រហារមនុស្សយ៉ាងសាហាវឃោរឃៅ បណ្ដាលឱ្យមនុស្ស៩នាក់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម...។

លោក អនុទីន បានចាត់តាំងឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់ ឱ្យពន្លឿនការរៀបចំច្បាប់គ្រប់គ្រងអាវុធថ្មី ដោយមានវិធានការត្រួតពិនិត្យកាន់តែម៉ឺងម៉ាត់ និងទោសទណ្ឌធ្ងន់ធ្ងរជាងមុន។ ជាមួយគ្នា ស្នងការដ្ឋាននគរបាល ត្រូវបានបញ្ជាឱ្យបញ្ឈប់ការបន្តពន្យារអាជ្ញាបណ្ណ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទិញអាវុធផងដែរ។ នាយករដ្ឋមន្ត្រីរូបនេះ បានរំលឹកឡើងវិញនូវច្បាប់បច្ចុប្បន្ន ថា អាវុធដែលបានចុះបញ្ជីស្របច្បាប់ ត្រូវតែរក្សាទុកនៅផ្ទះ និងមិនត្រូវអនុញ្ញាតឱ្យកាន់តាមខ្លួននៅទីសាធារណៈឡើយ ហើយចំពោះអាវុធខុសច្បាប់ អាជ្ញាធរកំពុងសិក្សារៀបចំច្បាប់តម្រូវឱ្យប្រគល់ជូនរដ្ឋវិញក្នុងរយៈពេលដែលបានកំណត់។

ការណ៍នេះកើតឡើង ក្រោយមានសោកនាដកម្មដ៏រន្ធត់កាលពីសប្តាហ៍មុន ដោយក្មេងប្រុសម្នាក់ បានបាញ់សម្លាប់ជីដូនជីតារបស់ខ្លួនឯង ហើយបន្តទៅបាញ់រះសម្លាប់មនុស្ស ៦នាក់ទៀត រួចក៏កេះកៃបាញ់ទម្លុះក្បាលសម្លាប់ខ្លួននៅឯសាលារៀន នាជាយរាជធានីបាងកក។ នេះ..គឺជាការឆ្លុះបញ្ចាំងពីវិបត្តិសង្គម និងកេរ្តិ៍ឈ្មោះដ៏ស្អុយរលួយនៃសន្តិសុខជាតិថៃ នាពេលបច្ចុប្បន្ន។ នៅប្រទេសថៃ មានអាវុធរហូតដល់ទៅ១០,៣លានដើម កំពុងស្ថិតក្នុងដៃប្រជាពលរដ្ឋស៊ីវិល។ នេះមានន័យថា ក្នុងចំណោមប្រជាជនថៃ ១០០នាក់ មានកាំភ្លើងក្នុងដៃរហូតដល់១៥ដើម ដែលជាអត្រាកាន់កាប់អាវុធខ្ពស់បំផុត និងគ្រោះថ្នាក់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕





