ភ្លៀងធ្លាក់ខ្លាំងពេក បណ្ដាលឱ្យបាក់ស្ពាននៅប្រទេសថៃ
ហៀប ស៊ីថេត
4 ម៉ោងមុន

រាជធានីបាងកក៖ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានៅក្នុងខេត្តម៉ែហុងសុន (Mae Hong Son) ប្រទេសថៃ បានធ្វើឱ្យកម្រិតទឹកនៅក្នុងទន្លេម៉ែសាង៉ា (Mae Sa Nga) កើនឡើងជាលំដាប់អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយបានធ្វើឱ្យសសរស្ពានស៊ូតុងប៉េ (Sutongpe) បាក់ស្រុត និងដាច់ប្រហោងរហូតដល់១២ម៉ែត្រ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ព្រះចៅអធិការវត្តភូសមណរាម (Wat Phu Samanaram) ក្នុងស្រុកមឿង (Mueang) ខេត្តម៉ែហុងសុន មានថេរដីកាថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ឆាប់រហ័ស។ ទឹកជំនន់នេះ បានលិចវាលស្រែនៅខាងក្រោមស្ពានស៊ូតុងប៉េ អស់ផ្ទៃដីយ៉ាងធំធេង។ ជាពិសេស បរិមាណទឹកយ៉ាងសន្ធឹកសន្ធាប់បានគួចយកដើមឈើស្ងួតៗទៅទើរលើស្ពាន ដោយបង្កើតជាចរន្តទឹកវិលយ៉ាងខ្លាំង។ ក្រោយមក ស្ពានបានបាក់ស្រុត ដែលមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។

របាយការណ៍បានបញ្ជាក់ថា ស្ពានស៊ូតុងប៉េ បានបាក់ស្រុតបន្ថែមទៀត ដែលមានប្រវែងប្រហែល១២ម៉ែត្រ។ គណកម្មការវត្ត បានហាមឃាត់សាធារណជន និងភ្ញៀវទេសចរមិនឱ្យចូលទៅជិតផ្នែកដែលខូចខាតនៃស្ពាននោះឡើយ ដោយសារតែទម្ងន់មនុស្ស និងចរន្តទឹកបក់បោកខ្លាំង អាចបណ្ដាលឱ្យអ្នកដែលឈរនៅជិតកន្លែងបាក់នោះ ធ្លាក់ចូលទៅក្នុងទឹក។ ស្ពានស៊ូតុងប៉េ បានរងការខូចខាតចាប់តាំងពីថ្ងៃទី៣ ខែសីហាមកម្ល៉េះ ហើយការជួសជុលមិនអាចធ្វើទៅបានទេ ដោយសារតែចរន្តទឹកហូរខ្លាំងពេកនៅខាងក្រោមស្ពាន។ ការជួសជុលនឹងបន្ត លុះត្រាតែទឹកជំនន់នៅខាងក្រោមស្ពាននេះស្រកចុះមកកម្រិតធម្មតាវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត