អ៊ីរ៉ង់ ប្ដេជ្ញាមិនបើកច្រកសមុទ្ទហ័រមូស រហូតដល់អាម៉េរិកយល់ព្រមធ្វើតាមលក្ខខណ្ឌ

អត្ថបទ៖ ណុប ស៊ីនួន
រដ្ឋធានីតេហេរ៉ង់៖ រដ្ឋលេខាធិការនៃឧត្ដមក្រុមប្រឹក្សាសន្ដិសុខជាតិអ៊ីរ៉ង់ ដែលទើបនឹងតែងតាំងថ្មី ចេញមកអះអាងកាលពីថ្ងៃអង្គារទី១១សីហាថា ច្រកសមុទ្រហ័រមូស នឹងនៅតែបិទរហូត ប្រសិនបើសហរដ្ឋអាម៉េរិក មិនផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន និងព្រមទទួលតាមលក្ខខណ្ឌនានារបស់រដ្ឋធានីតេហេរ៉ង់។ នេះបើតាមទូរទស្សន៍គ្រប់គ្រង ដោយរដ្ឋអារ៉ាប៊ីសាអូឌីត Al Arabiya News ចេញផ្សាយនៅព្រឹកថ្ងៃពុធទី១២សីហា...។

ការអត្ថាធិប្បាយរបស់មន្រ្ដីជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសន្ដិសុខជាតិអ៊ីរ៉ង់ ជាសញ្ញាណបង្ហាញយ៉ាងច្បាស់លាស់ ថា កិច្ចព្រមព្រៀងណាមួយជាមួយប្រទេសអូម៉ង់ ជុំវិញច្រកសមុទ្ទហ័រមូស នឹងមិននាំឱ្យមានការបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញភ្លាមៗឡើយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ទ ប្រសិនបើសហរដ្ឋអាម៉េរិក មិនព្រមគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់ជម្លោះ ដែលរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់ បានព្រមព្រៀងគ្នា កាលពីខែមិថុនាកន្លងទៅ។

លោក ម៉ូហ៍សេន រ៉េហ្សាអេ (Mohsen Rezaei) សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវបានទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim ដកស្រង់សម្ដីយកមកចុះផ្សាយ ដោយអះអាងថា៖ ល្គឹកណា សហរដ្ឋអាម៉េរិក មិនអាចផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួន និងមិនព្រមទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ទេនោះ ច្រកសមុទ្ទហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង១ភាគ៥របស់ពិភពលោក នឹងមិនត្រូវបើកនោះឡើយ។ សហរដ្ឋអាម៉េរិក ត្រូវតែបញ្ចប់សង្គ្រាម និងប្រគល់ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលបានបង្កកត្រឡប់មកវិញ ហើយសង្គ្រាមត្រូវតែបញ្ចប់នៅទូទាំងតំបន់ រួមទាំងនៅប្រទេសលីបង់ និងតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីផងដែរ។

លោក ម៉ូហ៍សេន រ៉េហ្សាអេ (Mohsen Rezaei)  
លោក ម៉ូហ៍សេន រ៉េហ្សាអេ (Mohsen Rezaei)  

ប៉ុន្ដែប្រសិនបើមានកិច្ចព្រមព្រៀងណាមួយរវាងអ៊ីរ៉ង់ និងប្រទេសអូម៉ង់ (Oman) ពាក់ព័ន្ធនឹងផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្ទហ័រមូស​ នោះកិច្ចព្រមព្រៀងនឹងក្លាយជារឿងដាច់ដោយឡែកពីបញ្ហានៃការបិទច្រកសមុទ្ទនេះ។ សហរដ្ឋអាម៉េរិក ត្រូវតែបញ្ចប់សង្គ្រាម ហើយត្រូវបង្វិលទ្រព្យសម្បត្ដិរបស់អ៊ីរ៉ង់ដែលបានបង្កកត្រឡប់មកវិញ។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់ បានទាមទារឱ្យសហរដ្ឋអាម៉េរិក សងសំណងចំពោះការខូចខាតដោយសារសង្គ្រាមរបស់រដ្ឋធានីវ៉ាស៊ីនតោន ប្រឆាំងនឹងប្រទេសរបស់ខ្លួន។ ស្របគ្នានេះដែរ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក៏បានទាមទារឱ្យអ៊ីរ៉ង់ សងថ្លៃខូចខាតដែលកើតឡើងអំពីអំពើភេរវកម្ម អស់រយៈពេលជាង៥០ឆ្នាំកន្លងមក។

លោក ម៉ូហ៍សេន រ៉េហ្សាអេ (Mohsen Rezaei) ដែលទើបនឹងតែងតាំងជាមន្រ្ដីជាន់ខ្ពស់លំដាប់ទី២ នៃស្ថាប័នសម្របសម្រួលសន្ដិសុខ និងគោលនយោបាយបរទេស កាលពីថ្ងៃអាទិត្យទី៩សីហា បានថ្លែងថា លក្ខខណ្ឌនានារបស់មេដឹកនាំរដ្ឋធានីតេហេរ៉ង់ ត្រូវបានបញ្ជូនទៅកាន់សហរដ្ឋអាម៉េរិក តាមរយៈអ្នកសម្របសម្រួលរួចហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត