«ចាបព្រៃវែង» ហោះហើរតាំងពីប្រទេសរុស្ស៊ីមករស់នៅតំបន់ទេសភាពបឹងព្រែកល្ពៅ
S
Sreyleak Yith
17 ម៉ោងមុន

ក្រុងដូនកែវ៖ សត្វចាបព្រៃវែង ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក កំពុងរស់នៅយ៉ាងច្រើន នៅតំបន់ទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ នេះបើតាមការឱ្យដឹងពីមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃសោរិ៍ទី២៨មីនាម្សិលមិញ...។

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា កម្ពុជាជាតំបន់ភូមិសាស្ត្រមួយទាក់ទាញសម្រាប់ការរស់នៅរបស់សត្វចាបព្រៃវែង ដែលជាសត្វស្លាបប្រភេទទេសន្តរប្រវេស្តដ៏កម្រ និងជិតផុតពូជនៅលើពិភពលោក។ ពួកវាធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរុស្ស៊ី ហោះហើរឆ្លងកាត់ប្រទេសជាច្រើន មុននឹងមកដល់ប្រទេសកម្ពុជា។ ឆ្នាំ២០២៦នេះ ក្រុមអ្នកអភិរក្សបានប៉ាន់ប្រមាណថា នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ មានសត្វចាបព្រៃវែង កំពុងរស់នៅរហូតដល់ជាង៨ពាន់ក្បាល ពោលគឺកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែលមានចំនួនពី៥ពាន់ទៅ៦ពាន់ក្បាលប៉ុណ្ណោះ។

សូមជម្រាបថា សត្វចាបព្រៃវែង ​ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។ សត្វស្លាបប្រភេទនេះ ពងកូននៅអឺរ៉ុប និងទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែបម្លាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និងប្រទេសចិន ភាគខាងត្បូងនៅរដូវត្រជាក់ និង ហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។ នៅតំបន់បឹងព្រែកល្ពៅ ត្រូវបានទទួលស្គាល់ថាជាទីតាំងដែលមានចំនួនសត្វស្លាបប្រភេទនេះ ច្រើនជាងគេនៅប្រទេសកម្ពុជា និងប្រហែលជានៅទូទាំងអាស៊ីអាគ្នេយ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត