នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យត្រៀមលក្ខណៈទប់ទល់នឹងគ្រោះទឹកជំនន់
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) បានអះអាងនៅថ្ងៃចន្ទទី១០ ខខែសីហា ថា លោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ទឹកជំនន់នៅភាគខាងជើង ហើយបានណែនាំដល់អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងនាយកដ្ឋានធាធនធានទឹក ឱ្យសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្ដល់ជំនួយ វិធានការបង្ការ និងការរៀបចំជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់។

លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

នាយករដ្ឋមន្ត្រីថៃ បានបង្ហាញពីបច្ចុប្បន្នភាពនៃការដោះស្រាយស្ថានការណ៍ទឹកជំនន់នៅតាមបណ្តាខេត្តភាគខាងជើង ដោយថ្លែងថា ការរៀបចំទប់ទល់ត្រូវបានធ្វើឡើងយ៉ាងពេញលេញ ជាពិសេសលើវិធានការបង្ការ។ លោក អនុទីន បានណែនាំដល់អភិបាលខេត្ត ការិយាល័យបង្ការ កងកម្លាំងប្រដាប់អាវុធ និងនាយកដ្ឋានធនធានទឹក ឱ្យសហការគ្នាជិតស្និទ្ធ។ លោកបានទទួលស្គាល់ថា តំបន់មួយចំនួន គឺជាផ្លូវទឹកហូរ ដូច្នេះការផ្ដល់ជំនួយត្រូវតែធ្វើឡើងឱ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃាំគ្រោះទឹកជំនន់ ជាមួយនឹងការរៀបចំផែនការគ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមលក្ខណៈមុនពេលទឹកជំនន់មកដល់។

ទន្ទឹមនឹងនេះ ការរៀបចំជំនួយសង្គ្រោះ រួមមាន៖ ជម្រកសុវត្ថិភាព ថ្នាំសង្កូវ សម្ភារវេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជំងឺ ត្រូវបានរៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់បំផុត។ សម្ភារ និងឧបករណ៍ទាំងអស់ត្រូវតែត្រៀមរួចជាស្រេច។ ជាចុងក្រោយ លោក អនុទីន បានបន្ថែមថា លោកបាននិងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត