​សញ្ញាអាសន្នសេដ្ឋកិច្ចថៃ! ក្រុមហ៊ុនជាង៧ពាន់ ផ្អាកដំណើរការក្នុងឆមាសទី១
N
Nary Vann
4 ម៉ោងមុន

រាជធានីបាងកក៖ ប្រទេសថៃកំពុងប្រឈមមុខនឹងរលកនៃការបិទទ្វារ និងការរំលាយក្រុមហ៊ុនក្នុងកម្រិតមួយដ៏ធ្ងន់ធ្ងរ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ខណៈទិន្នន័យផ្លូវការបង្ហាញថា សូម្បីតែក្រុមហ៊ុនធំៗដែលមានដើមទុនរឹងមាំ ក៏កំពុងដួលរលំជាបន្តបន្ទាប់ មិនចាញ់អាជីវកម្មធុនតូច និងមធ្យមនោះឡើយ។

យោងតាមទិន្នន័យពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា ក្រុមហ៊ុនសរុបចំនួន៧០២៤ បានដាក់ពាក្យស្នើសុំរំលាយអាជីវកម្មជាផ្លូវការ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៦។ ចំនួននៃការបិទទ្វារអាជីវកម្មនេះ កើនឡើងជាង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ អ្វីដែលថៃកាន់តែព្រួយបារម្ភនោះ គឺទំហំដើមទុនដែលត្រូវបាត់បង់ បានស្ទុះហក់ឡើងរហូតដល់២២៣ភាគរយឯណោះ ដែលទំហំទឹកប្រាក់ជាង៩៨ពាន់លានបាត ឬស្មើប្រមាណ២,៨ពាន់លានដុល្លារ ដែលបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ច បាននិងកំពុងវាយប្រហារលើក្រុមហ៊ុនយក្សធំៗ ជាពិសេសក្នុងវិស័យសំណង់ អចលនទ្រព្យ ការដំឡើងប្រព័ន្ធអគ្គិសនី និងវិស័យពាណិជ្ជកម្មផ្ទាល់។

​អនុប្រធានសភាពាណិជ្ជកម្មថៃ បានព្រមានថា ឆមាសទី២ នៃឆ្នាំ២០២៦ អាចនឹងជួបប្រទះរលកនៃការបិទទ្វារអាជីវកម្មកាន់តែអាក្រក់ជាងនេះបន្ថែមទៀត ដោយសារតែការខ្វះខាតសាច់ប្រាក់ ការស្រុតចុះនៃការកុម្ម៉ង់ទិញ និងការរឹតបន្តឹងឥណទានពីស្ថាប័នហិរញ្ញវត្ថុ។ លោកបានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ប្រញាប់ប្រញាល់បង្កើតកម្មវិធីជំនួយសាច់ប្រាក់ងាយស្រួល និងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដើម្បីការពារកុំឱ្យមានផលប៉ះពាល់ជាខ្សែសង្វាក់ ដល់សេដ្ឋកិច្ចជាតិទាំងមូល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត