
រាជធានីបាងកក៖ ស្របពេលកម្ពុជាកំពុងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាពដែនសមុទ្ទរបស់ខ្លួន ស្រាប់តែយោធាជាន់ខ្ពស់ថៃ បោះសម្តីថា មិនបារម្ភចំពោះការហ្វឹកហ្វឺនកងទ័ពជើងទឹកកម្ពុជានោះទេ។ ប៉ុន្តែ ជាមួយគ្នា យោធាថៃ បែរជាប្រកាសអាសន្ន និងទាមទារថវិកាទិញនាវាចម្បាំងហ្វ្រីហ្គេត (Frigate) ព្រមទាំងនាវាមុជទឹកជាបន្ទាន់ ព្រោះខ្លាចចាញ់ប្រៀបកម្ពុជា។

កាលពីថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០២៦ សម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិ ដោយមានវត្តមានលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន ព្រមទាំងបណ្តាមេទ័ពផ្សេងទៀត បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកកម្ពុជាលើនាវាចម្បាំងហ្វ្រីហ្គេត លេខ៦២២ ដែលកម្ពុជាប្រសិទ្ធមានឈ្មោះផ្ទាល់ខ្លួនថា «កោះកុងសែនជ័យ» ស្ថិតក្នុងដែនសមុទ្ទកម្ពុជា។

ក្រោយមក គឺថ្ងៃទី១០ ខែសីហានេះតែម្តង អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃ លោក ប៉ារ៉ាច រតនជ័យភណ្ឌ (Parach Rattanachaiyapan) បានចេញមុខអះអាងប្រាប់សារព័ត៌មានថា ថៃមិនខ្វល់ចំពោះការហ្វឹកហ្វឺននាវាប្រយុទ្ធរបស់កម្ពុជានៅដែនសមុទ្ទខេត្តព្រះសីហនុនោះទេ។ ថ្វីបើប្រកាសថាមិនបារម្ភ ប៉ុន្តែភ្លាមៗ អ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃរូបនេះ បែរជាធ្លោយមាត់ថា ថៃត្រូវតែប្រញាប់ប្រញាល់ទិញនាវាចម្បាំងថ្នាក់ហ្រ្វ៊ីហ្គេតថ្មី និងរុញច្រានគម្រោងទិញនាវាមុជទឹកឱ្យបានលឿនបំផុត ដើម្បីទប់ទល់ជញ្ជីងអំណាចយោធាជើងទឹកកម្ពុជា។

មន្ត្រីយោធាជាអ្នកនាំពាក្យរូបនេះ បានទទួលស្គាល់ថា បើនៅតែពន្យារពេលទិញអាវុធទៀតនោះ ថៃនឹងត្រូវ«ចាញ់ប្រៀប និងមានគម្លាតសមត្ថភាពយ៉ាងធ្ងន់ធ្ងរ» ប្រៀបធៀបនឹងកម្ពុជា។ សូមជម្រាបថា នាវាចម្បាំងដែលកងទ័ពជើងទឹកកម្ពុជា បញ្ចេញមកហ្វឹកហ្វឺននេះ គឺជាអំណោយរបស់មិត្តចិន៕



