
រាជធានីភ្នំពេញ៖ ក្នុង«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកលលើកទី៩» (9th APPF-GH) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយមានកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភាកម្ពុជា លើកឡើងពីស្ថានភាពប្រជាពលរដ្ឋកម្ពុជា ដែលកំពុងបន្តរស់នៅក្នុងស្ថានភាពជាជនភៀសខ្លួនជាង២ម៉ឺននាក់ក្រោយរងការឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់ព្រំដែនកម្ពុជាពីសំណាក់ភាគីថៃ...។

ចំពោះមុខសមាជិក និងស្ថាប័នសុខាភិបាលមកពី១៦ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក អ៊ុច បូររិទ្ធ លើកឡើងថា ក្រោយការឈ្លានពានកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ពីសំណាក់ភាគីថៃ ព្រមទាំងការបន្តកាន់កាប់ រំលោភបំពានលើអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់ បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅតែបន្តរស់នៅក្នុងស្ថានភាពជាជនភៀសខ្លួន។ លោក អ៊ុច បូររិទ្ធ មានប្រសាសន៍សង្កត់ធ្ងន់ថា៖«[ពលរដ្ឋកម្ពុជាទាំងនេះ] កំពុងមានតម្រូវការជាបន្ទាន់ ក្នុងការទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាព»។

ជាមួយគ្នា ថ្លែងពាក់ព័ន្ធវេទិកាស្តីពីសុខភាពសកលលើកទី៩ អនុប្រធានទី១នៃព្រឹទ្ធសភា បានកត់សម្គាល់ថា ការអនុវត្ត«អភិក្រមតម្កល់ប្រជាជនជាស្នូល» គឺដើម្បីធានាថា ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលអាចទទួលបានសេវាមណ្ឌលសុខភាព និងការព្យាបាលប្រកបដោយគុណភាព ដោយមិនប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងបំណុល។ ក្រៅពីនេះ លោកមើលឃើញថា ការប្រែប្រួលអាកាសធាតុ ក៏កំពុងគំរាមកំហែងដល់ការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ ព្រោះវិបត្តិនេះបានបង្កឱ្យមានកង្វះខាតស្បៀងអាហារ ហានិភ័យនៃជំងឺរាតត្បាត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលធ្វើឱ្យសេវាព្យាបាលមានភាពរអាក់រអួល។

ហាក់មិនខុសគ្នា លោកបណ្ឌិត សាអៀ ម៉ា-អ៊ូ ពីអ៊ូកាឡា (Saia Ma’u Piukala) នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកកខាងលិច នៃអង្គការសុខភាពពិភពលោក (WHO) លើកឡើងក្នុងវេទិកាសថា សង្គមដែលមានសុខភាពល្អ គឺជាសង្គមដែលមានភាពធន់។ នាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចរូបនេះ ចាត់ទុកថា ការវិនិយោគលើវិស័យសុខភាព គឺជាការវិនិយោគលើក្ដីសង្ឃឹម ព្រោះនៅពេលប្រជាជនមានសុខភាពល្អ នោះយើងនឹងមានឱកាស ហើយការវិនិយោគលើសុខភាព ក៏ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ។

គួរជ្រាបថា រដ្ឋសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពីសុខភាពសកល លើកទី៩» ក្រោមមូលបទ «ការគ្របដណ្ដប់សុខភាពជាសកល ក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត(AI)» ចាបពីថ្ងៃទី១១ ដល់ថ្ងៃទី១៣សីហា។ កិច្ចប្រជុំនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវផ្នែកនយោបាយ និងតថភាពថ្មីៗ ដែលប្រព័ន្ធសុខាភិបាលកំពុងប្រឈម ខណៈការគ្របដណ្ដប់សុខភាពជាសកល នៅតែមិនទាន់ក្លាយជាការពិតសម្រាប់មនុស្សគ្រប់គ្នានៅឡើយ។ ក្នុងសម័យកាលបច្ចេកវិទ្យានៃបញ្ញាសិប្បនិម្មិត(AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល តួយ៉ាងដូចជា ការវិភាគទិន្នន័យបានលឿន ការជួយធ្វើសេចក្តីសម្រេចចិត្ត និងការកាត់បន្ថយបន្ទុកការងាររដ្ឋបាលជាដើម។ ទោះជាយ៉ាងណាក៏ដោយ បញ្ញាសិប្បនិម្មិត(AI) មិនអាចមកជំនួសក្រុមគ្រូពេទ្យបានឡើយ ពោលគឺវាត្រឹមតែជាឧបករណ៍ជំនួយប៉ុណ្ណោះ៕








