ផ្អើលមណ្ឌលប្រឡង៖ សិស្សរៀនធ្លាក់ថ្នាក់ទី១១សោះ តែមកបន្លំចូលប្រឡងបាក់ឌុប
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងកំពង់ចាម៖ ជារឿងគួរឱ្យហួសចិត្ត និងជាហេតុការណ៍មិនធ្លាប់កើតមាន នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសិស្សប្រុសម្នាក់រៀនត្រឹមថ្នាក់ទី១១ ថែមទាំងប្រឡងធ្លាក់ទៅទៀត តែបែរជាមកបន្លំខ្លួនចូលក្នុងមណ្ឌលប្រឡង ទាំងដែលខ្លួនគ្មានឈ្មោះ និងត្រូវបានមន្ត្រីអនុរក្សឃាត់ខ្លួនសាកសួរព័ត៌មាន ទើបដឹងរឿងពិត...។

ផ្អែកតាមរបាយការណ៍អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា មានករណីសិស្សរៀនថ្នាក់ទី១១ប្រឡងធ្លាក់ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បែរជាបន្លំខ្លួនចូលមកមណ្ឌលប្រឡងបាក់ឌុប ដោយធ្វើជារកឈ្មោះក្នុងបញ្ជីប្រឡងបាក់ឌុប ឆ្នាំ២០២៦ នេះមិនឃើញ ព្រោះតែខ្លាចឪពុកម្តាយស្តីបន្ទោស ខណៈឪពុកម្តាយមិនដឹងថា កូនប្រុសរបស់ខ្លួនបានប្រឡងធ្លាក់តាំងតែពីថ្នាក់ទី១១មកម្ល៉េះ កុំថាឡើយដល់ទៅមានឈ្មោះប្រឡងបាក់ឌុបឆ្នាំនេះ។ សិស្សប្រុសនោះឈ្មោះ សឿន វិសា រៀនថ្នាក់ទី១១ (ប្រឡងឡើងថ្នាក់ទី១២ធ្លាក់) ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានធ្វើដំណើរមកមណ្ឌលប្រឡង ព្រោះកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០សីហា ឆ្នាំ២០២៦។​

ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច គឺមិនមានឈ្មោះសិស្សនេះ ក្នុងបញ្ជីបេក្ខជនប្រឡងទេ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត, ក្រុមការងារ ACU ប្រចាំខេត្តកំពង់ចាម, និងភាគីពាក់ព័ន្ធ បានអញ្ជើញឪពុករបស់សិស្សនោះ មកធ្វើការធានាអះអាង និងទទួលស្គាល់ថា កូនប្រុសរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងតែពីថ្នាក់ទី១១ មកម៉្លេះ ហើយពិតជាមិនមានឈ្មោះ ក្នុងបញ្ជីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង (១០សីហា ២០២៦) នេះឡើយ ហើយក៏មិនបានមកប្រឡងជំនួសនរណានោះដែរ។ មន្ត្រីជំនាញបានធ្វើកំណត់ហេតុ និងណែនាំសិស្ស សឿន វិសា មិនឱ្យប្រព្រឹត្តកំហុសបែបនេះបន្តទៀតទេ ដោយត្រូវសន្យាកែខ្លួននៅចំពោះមុខគណៈកម្មាការទាំងអស់ និងនៅចំពោះមុខឪពុកផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត